អ្នកចាំទីអន្តរជាតិអាល្លឺម៉ង់ Manuel Neuer នឹងវិលពីរបួសវិញសម្រាប់ក្រុម Bayern Munich ក្នុងការប្រកួតក្របខ័ណ្ឌ Bundesliga នៅលើទឹកដីក្រុម Augsburg នៅរាត្រីនេះ ដែលជាការកម្តៅសាច់ដុំជាលើកចុងក្រោយរបស់ពួកគេ នៅមុនពេលការប្រកួតក្របខ័ណ្ឌ Champions League នៅលើទឹកដីក្រុម Liverpool នៅសប្តាហ៍ក្រោយម។

Neuer វ័យ៣២ឆ្នាំ បានអវត្តមានក្នុងការប្រកួត៣លើកចុងក្រោយរបស់ក្រុម Bayern ដោយសារតែបញ្ហារបួសមេដៃ ប៉ុន្តែ នឹងត្រូវបង្ហាញពីភាពរឹងមាំរបស់គេនៅលើទឹកដីក្រុម Augsburg នៅមុនពេលការប្រកួតវគ្គ១៦ក្រុមចុងក្រោយ ជើងទី១ នៅរាត្រីថ្ងៃអង្គារ ជាមួយនឹងក្រុម Liverpool របស់ក្រុមលោក Jurgen Klopp នាកីឡដ្ឋាន Anfield។ ក្រោយពីការហ្វឹកហាត់ជាលើកចុងក្រោយ កាលពថ្ងៃព្រហស្បតិ៍ Neuer បានឲ្យដឹងថា៖ «អ្វីៗបានដំណើរការយ៉ាងល្អកាលពីថ្ងៃម្សិលមិញ និងនៅថ្ងៃនេះ ហើយខ្ញុំត្រៀមខ្លួនរួចរាល់ហើយ។ ផ្នែកគ្រូពេទ្យបានផ្តល់ឲ្យខ្ញុំនូវភ្លើងខៀវ។ ខ្ញុំមានការហ្វឹកហាត់ដ៏ល្អចំនួន២លើក ហើយអ្វីៗបានដំណើរការយ៉ាងល្អ»។

Bayern កំពុងតែបារម្ភពីការដាក់ឲ្យ Neuer វិលចូលលេងឆាប់រហ័សពេក ជាពិសេសបើគិតពីប្រវត្តិនៃរបួសរបស់គេ ក្រោយពីបានបាក់ឆ្អឹងប្រអប់ជើងរបស់គេ២លើក ក្នុងចន្លោះពេលដ៏ខ្លីកាលពីឆ្នាំ២០១៧ ដែលនាំឲ្យរូបគេបានអវត្តមានស្ទើរតែពេញមួយរដូវកាល កាលពីរដូវកាលមុន។ លោក Niko Kovac ដែលជាគ្រូបង្វឹក បច្ចុប្បន្ន ស្ទើរតែមានជ្រើសរើសពេញលេញទាំងស្រុងក្នុងការជ្រើសរើស លើកលែកតែ Arjen Robben និង Corentin Tolisso ដែលនៅតែអវត្តមានដោយសារតែបញ្ហារបួស។ ក្រុមឈរលេខ២ Bayern ទើបតែបានដណ្តើមយកជ័យជម្នះក្នុងលទ្ធផល ៣-១ លើក្រុម Schalke កាលពីចុងសប្តាហ៍មុន ដើម្បីកាត់បន្ថយគម្លាតតាមពីក្រោយក្រុម Borussia Dortmund មកនៅត្រឹម៥ពិន្ទុលើតារាងក្របខ័ណ្ឌ Bundesliga។ ការប្រកួតនៅរាត្រីនេះ នឹងចាប់ផ្តើមនៅម៉ោង២:៣០ទៀបភ្លឺ៕

អត្ថបទ៖ Cambosport
ប្រភព៖ Channel News Asia