ខ្សែការពារ Layvin Kurzawa បានរកគ្រាប់បាល់បញ្ចូលទី ៣គ្រាប់ដ៏មិននឹកស្មានដល់ ខណៈដែលក្រុម Paris Saint-Germain បានឈានទៅប្រកួតវគ្គ ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League កាលពីថ្ងៃអង្គារ ក្រោយពីបានកត់ត្រាជ័យជម្នះ ៥-០ លើក្រុម Anderlecht ស្របពេលដែលក្រុម Bayern Munich ក៏បានកក់កៅអីទៅវគ្គបន្តផងដែរ។

ខ្សែបម្រើប្រយុទ្ធ Marco Verratti បានស៊ុតបាល់កោងដើម្បីរកគ្រាប់បាល់បើកឆាកយ៉ាងល្អ ដែលជាគ្រាប់បាល់ទី១ របស់គេក្នុងក្របខ័ណ្ឌអឺរ៉ុប ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៤ នៅនាទី ទី៣០ នាកីឡដ្ឋាន Parc des Princes ខណៈដែលតារាឆ្នើមអន្តរជាតិប្រេស៊ីល Neymar បានរកគ្រាប់បាល់ទី២ សម្រាប់ក្រុមខ្លួន នៅមុនពេលបញ្ចប់តង់ទី១។ កីឡាករមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតរបស់ពិភពលោករូបនេះ បានជួយឲ្យក្រុម PSG រកបានគ្រាប់បាល់ទី៣ ខណៈដែលការស៊ុតបាល់ពិន័យ Free-kick របស់គេបានប៉ះទៅនឹងបង្គោលទី ដែលនាំឲ្យខ្សែការពារអន្តរជាតិបារាំង Kurzawa បន្ថែមចូលទីតែម្តង នៅមុនពេលរូបគេរកបាន ២គ្រាប់ទៀត ខណៈដែល PSG បានធ្វើឲ្យគ្រាប់បាល់សរុបរបស់ពួកគេកើនដល់ ១៧គ្រាប់ ដោយមិនរបូតសូម្បី ១គ្រាប់ក្នុងពូល B។

ក្រុមយក្សរបស់បារាំងមួយនេះ កំពុងតែនាំមុខលើកំពូលតារាង ដោយមាន ១២ពិន្ទុពេញ ខណៈដែលក្រុមជើងខ្លាំងរបស់អាល្លឺម៉ង់ Bayern ក៏បានឈានទៅវគ្គបន្តជាមួយពួកគេផងដែរ ក្រោយពីបានកត់ត្រាជ័យជម្នះ ២-១ នៅលើទឹកដីក្រុម Celtic។ ដោយឡែក ក្រុម Manchester United របស់លោក Jose Mourinho ត្រូវតែរង់ចាំក្នុងការទៅវគ្គបន្ត បើទោះបីបានយកឈ្នះលើក្រុម Benfica ២-០ ក៏ដោយ។ ក្នុងការប្រកួតពូល A ដូចគ្នានេះ ក្រុម CSKA Moscow បានសង្គ្រោះយុទ្ធនាការរបស់ពួកគេ តាមរយៈការយកឈ្នះនៅលើទឹកដីក្រុម Basel ២-១៕

វីឌីអូហាយឡាយការប្រកួតរវាងក្រុម PSG vs Anderlecht ៖

កែសម្រួលដោយ៖ Usportkh
ប្រភព៖ Channel News Asia