លោក David Unsworth ពិតជាស្រេកឃ្លានក្នុងការបង្ហាញឲ្យឃើញរូបលោកមានតម្លៃគ្រប់គ្រាន់ក្នុងការក្លាយជាអ្នកចាត់ការទូទៅពេញសិទ្ធិរបស់ក្លិប Everton ក្រោយពីត្រូវបានតែងតាំងជាគ្រូបង្វឹកបណ្តោះអាសន្នរបស់ក្រុមស្ថិតក្នុងក្របខ័ណ្ឌ Premier League មួយនេះ ក្រោយពីការបណ្តេញលោក Ronald Koeman ចេញពីតំណែង។ គ្រូបង្វឹកវ័យ ៤៤ឆ្នាំរូបនេះ នឹងបង្ហាញវត្តមានក្នុងពេលក្រុមរបស់លោកធ្វើដំណើរទៅកាន់ទឹកក្រុមម្ចាស់ជើងឯក Chelsea ក្នុងការប្រកួតពាន League Cup វគ្គ១៦ក្រុមចុងក្រោយ នៅរាត្រីនេះ។

លោក Unsworth គឺជាបេក្ខភាពដ៏មានប្រជាប្រិយក្នុងចំណោមអ្នកគាំទ្រ ក្រោយពីបាននៅជាមួយនឹងក្លិបនេះអស់រយៈពេលជាយូរក្នុងនាមជាកីឡាករម្នាក់ ដោយបានបង្ហាញខ្លួន ៣៥០លើក អំឡុងពេលការចំណាយពេល ២លើកនៅកីឡដ្ឋាន Goodison Park។ គ្រូបង្វឹករូបនេះបានទទួលនូវការកោតសរសើរក្នុងនាមជាគ្រូបង្វឹកម្នាក់ តាមរយៈការដឹកនាំរបស់ក្រុមអាយុក្រោម ២៣ឆ្នាំ ឈ្នះពានក្របខ័ណ្ឌ Premier League 2 កាលពីរដូវកាលមុន។ នៅឯសន្និសីទសារព័ត៌មានមួយនៅមុនពេលការប្រកួតនៅរាត្រីនេះ លោក Unsworth បានឲ្យដឹងថា៖ «ខ្ញុំពិតជាបុរសដ៏មានមោទនភាពម្នាក់ដែលបានអង្គុយនៅទីនេះ ដើម្បីត្រៀមដឹកនាំក្រុម Everton នៅថ្ងៃស្អែក។ វាមិនមានបញ្ហានោះឡើយថា ចំនួនប្រកួតប៉ុន្មានដែលខ្ញុំមាននោះ ខ្ញុំនឹងប្រើប្រាស់រាល់សមត្ថភាពទាំងអស់ដែលខ្ញុំមាន»។

លោក Koeman ត្រូវបានបណ្តេញចេញកាលពីថ្ងៃចន្ទ ក្រោយពីជួបភាពត្រដាបត្រដួសនៅដើមរដូវកាលនេះ បើទោះបីក្លិបបានចំណាយប្រាក់១៤០លានផោន (ស្មើនឹង១៨៥លានដុល្លារអាមេរិក) ទៅលើកីឡាករថ្មីកាលពីរដូវក្តៅក៏ដោយ។ ជោគវាសស្នារបស់គ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះ ត្រូវបានកាត់សេចក្តី ក្រោយពីក្រុម Everton បានរងបរាជ័យយ៉ាងអាម៉ាស់ក្នុងលទ្ធផល ៥-២ នៅលើទឹកដីក្រុមខ្លួនឯង ក្រោមស្នាដៃក្រុម Arsenal កាលពីថ្ងៃអាទិត្យ ដែលបានធ្វើឲ្យពួកគេធ្លាក់ចូលក្នុងតំបន់គ្រោះថ្នាក់តែម្តង៕

កែសម្រួលដោយ​៖ Usportkh
ប្រភព៖ Channel News Asia