ក្រុមបឹងកេត និងព្រះខ័នរាជស្វាយរៀង សុទ្ធតែប្រើការប្រកួតតង់ទី២ ក្នុងការវាយបកតាមស្មើក្រុមគិរីវង់សុខសែនជ័យ និងក្រសួងការពារជាតិ(ទ័ព) ចំណែកក្រុមអគ្គិសនីកម្ពុជាបានយកឈ្នះក្រុមប៉ូលិស ក្នុងនាទីទីបន្ថែម សម្រាប់ការប្រកួតជើងទី១ ក្នុងដំណាក់កាលទី៥ ឬវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់សម្តេចហ៊ុន សែន លើកទី១១ ឆ្នាំ២០១៧ កាលពីថ្ងៃពុធ ម្សិលមិញ។

សម្រាប់ការប្រកួតនៅកីឡដ្ឋានស្តាតចាស់នោះ ខ្សែបម្រើ រឿម ចាន់រឿន បានរកគ្រាប់បាល់នាំមុខឲ្យក្រុមម្ចាស់ផ្ទះក្រសួងការពារជាតិ នៅនាទីទី២០ ប៉ុន្តែខ្សែការពារ សារ៉េត គ្រីយ៉ា វាយបកបាន ១គ្រាប់វិញ ដើម្បីជួយឲ្យក្រុមស្វាយរៀង តាមស្មើ ១-១ ហើយលទ្ធផលនេះវាដូចគ្នាទៅការប្រកួតផ្តាច់ព្រ័ត្ររបស់ក្រុមទាំង ២ កាលពីឆ្នាំ២០១៦ ដោយកាលនោះ ក្រុមស្វាយរៀង និងទ័ព បានស្មើគ្នា ១-១ ក្នុងប្រកួតពេញម៉ោង មុនពេលក្រសួងការពារជាតិ បានយកឈ្នះដោយការទាត់បាល់ប៉េណាល់ទី ៦-៥ ដើម្បីលើកពាន។

ចំណែកក្រុមបឹងកេត បានប្រើការប្រកួតតង់ទី២ ដើម្បីវាយបកតាមស្មើក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ២-២។ ការប្រកួតនេះក្រុមគិរីវង់ រកបាន ២គ្រាប់មុននៅតង់ទី១ ប៉ុន្តែនៅនាទីទី៦៧ ក្នុងតង់ទី២ ស៊ុន សុវណ្ណារិទ្ធី បានស៊ុតចូល ១គ្រាប់វិញ និងបន្ថែម ១គ្រាប់ទៀត ដោយ សេត រ៉ូហ្ស៊ីប នៅនាទីទី៨៩ ហើយការស្មើគ្នានេះ ធ្វើឲ្យក្រុមបឹងកេត បានរំពឹងខ្ពស់ក្នុងការប្រកួតកាត់សេចក្តី ដែលធ្វើនៅលើទឹកដីរបស់ពួកគេវិញម្តង។

ចំណែកការប្រកួតរវាងក្រុមអគ្គិសនីកម្ពុជា និងក្រុមប៉ូលិស ដែលធ្វើនៅកីឡដ្ឋានស្វាយរៀង នោះ ក៏មានភាពតានតឹងខ្លាំងផងដែរ ខណៈក្រុមទាំង២ បានត្រឹមស្មើ ០-០ ក្នុងតង់ទី១ ប៉ុន្តែនៅនាទីបន្ថែម ៩០+ កីឡាករមានសញ្ជាតិខ្មែរ-បារាំង ធារី ចន្ថាប៊ីន បានស៊ុតចូលទី ១គ្រាប់ ដើម្បីជួយឲ្យក្រុមអគ្គិសនីកម្ពុជា ឈ្នះប៉ូលិស ១-០ ក្នុងការប្រកួតនេះ ហើយលទ្ធផលនេះធ្វើឲ្យក្រុមអគ្គិសនីកម្ពុជា មានសង្ឃឹមច្រើន ក្នុងការប្រកួតកាត់សេចក្តី ក្នុងជើងទី២។

ចំណែកជំនួបរវាងក្រុមភ្នំពេញក្រោន និងណាហ្គាវើល ត្រូវបានលើកពេលទៅធ្វើនៅថ្ងៃទី១ ខែវិច្ឆិកា ហើយតាមប្រភពច្បាស់ការ បានឲ្យដឹងថា ការលើកពេលនេះដោយសារសមាជិករបស់ក្រុមភ្នំពេញក្រោន ជាប់រវល់ប្រកួតជាមួយក្រុម U19កម្ពុជា ក្នុងពានរង្វាន់ AFC U19 Championship 2018 ជាហេតុនាំក្រុមភ្នំពេញក្រោន សុំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ពន្យារពេលការប្រកួតនេះ៕