ក្រុមខ្លាំងប្រចាំពូលE ខេត្តកែប ត្រូវបានគេមើលឃើញថា នឹងត្រូវប្រឈមការប្រកួតដ៏លំបាកមួយ សម្រាប់ការប្រកួតវគ្គ៨ក្រុមចុងក្រោយពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១៤ (ថ្នាក់ខេត្ត) ឆ្នាំ២០២០ ខណៈពួកគេបានចាប់ឆ្នោតប៉ះក្រុមលេខ១មកពីពូលA ខេត្តកំពង់ឆ្នាំង នោះ។

ការជួបគ្នារបស់ក្រុមទាំង២ ត្រូវបានបង្ហាញ តាមរយៈការចាប់ឆ្នោត ដែលត្រូវបានធ្វើឡើង ដោយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) នៅពហុកីឡដ្ឋានជាតិ កាលពីព្រឹកថ្ងៃចន្ទនេះ ហើយជំនួបនេះ នឹងមានភាពស្វិតស្វាញខ្លាំង ព្រោះទាំងក្រុមខេត្តកែប និងខេត្តកំពង់ឆ្នាំង សុទ្ធតែបានបង្ហាញទម្រង់លេងបានល្អ ក្នុងការប្រកួតជម្រុះតាមពូលកន្លងមក។

តាមរយៈការប្រកួតជម្រុះទាំង២ជើង តាមពូលកន្លងមកនេះ ក្រុមខេត្តកំពង់ឆ្នាំង មិនទាន់ស្គាល់រស់ជាតិចាញ់ម្តងណាឡើយ ដោយពួកគេ បានឈ្នះ២ និងស្មើ៤ប្រកួត ហើយ ខេត្តកំពង់ឆ្នាំង គឺជាក្រុមតំណាងឲ្យពូលAតែមួយគត់ ដែលបានឡើងមកដល់វគ្គនេះ ខណៈក្រុមខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ សុទ្ធតែបានធ្លាក់ចេញពីការប្រកួតនេះដូចគ្នា។

ចំណែក ខេត្តកែប បានក្លាយជាក្រុម ដែលរកបានជ័យជម្នះច្រើនជាងគេ នៅក្នុងការប្រកួតជម្រុះតាមពូល ដោយពួកគេបានឈ្នះ៤ ស្មើ១ និងចាញ់១ប្រកួត ហើយលទ្ធផលនេះបានបង្ហាញថា ខេត្តកែប គឺមានទម្រង់លេងល្អជាងឆ្នាំមុនៗ តែការជួបក្រុមខេត្តកំពង់ឆ្នាំង នៅវគ្គ៨ក្រុមនេះ អាចមានការលំបាកខ្លាំង។

ទន្ទឹងនឹងនេះ ក្រុមម្ចាស់ជើងឯកថ្នាក់ខេត្តឆ្នាំចាស់ ខេត្តត្បូងឃ្មុំ បានចាប់ឆ្នោតប៉ះក្រុមខេត្តកំពង់ស្ពឺ។ ខេត្តត្បូងឃ្មុំ បានឡើងមកដល់វគ្គនេះ ក្នុងនាមជាក្រុមលេខ២ល្អប្រចាំពូលC ដោយពួកគេបានឈ្នះ២ និងស្មើ២ប្រកួត ដូចគ្នាទៅនឹងក្រុមលេខ១ ខេត្តព្រៃវែង ដែរ។ រីឯខេត្តកំពង់ស្ពឺ ជាក្រុមលេខ១ប្រចាំពូលD ដោយពួកគេបានឈ្នះ២ និងស្មើ២ប្រកួត។

ជាមួយគ្នានេះ ក្រុមខេត្តលេខ១ប្រចាំពូលB ខេត្តសៀមរាប បានចាប់ឆ្នោតប៉ះក្រុមខេត្តកណ្តាល។ បើទោះបីជា ខេត្តសៀមរាប ធ្វើបានល្អនៅវគ្គជម្រុះតាមពូល ដោយឈ្នះ៣ និងចាញ់១ប្រកួត ប៉ុន្តែខេត្តកណ្តាល ដែលបានឡើងមកដល់វគ្គនេះ ក្នុងនាមជាក្រុមលេខ២ល្អប្រចាំពូលDនោះ បានអះអាងថា ពួកគេបានត្រៀមខ្លួនរួចរាល់អស់ហើយ ទាំងទៅលើការហ្វឹកហាត់ និងប្រកួតមិត្តភាពដកស្រង់បច្ចេកទេស ដើម្បីត្រៀមជួបក្រុមខេត្តសៀមរាប នៅវគ្គ៨ក្រុមនេះ។

ចំណែកក្រុមលេខ១ប្រចាំC ខេត្តព្រៃវែង បានចាប់ឆ្នោតប៉ះក្រុមលេខ២មកពីពូលE ខេត្តកោះកុង ហើយតាមរយៈការចាប់ឆ្នោត កាលពីព្រឹកថ្ងៃចន្ទនេះ បានឲ្យដឹងថា ការប្រកួតជើងទី១ ក្នុងវគ្គ៨ក្រុមនេះ នឹងធ្វើនៅថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី១ ខែកក្កដា ខណៈជើងទី២ ត្រូវធ្វើនៅថ្ងៃទី៧ និងទី៨ ខែកក្កដា៕

អត្ថបទ៖ Cambosport