លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ហាម​ផ្តាច់មិន​ឱ្យកីឡាករ កីឡាការិនី​ជម្រើសជាតិ​កម្ពុជា បង្កើត​ភាពអសោច​ ទៅ​លើ​ការ​ប្រើ​ប្រាស់សារធាតុលើកកម្លាំង ដែលខុស​ពីបម្រាម​របស់កីឡា ជា​ដាច់ខាត សម្រាប់ការចូល​រួម​ប្រកួត​កីឡាស៊ីហ្គេម លើក​ទី​៣១ នាទីក្រុង​ហាណូយ ប្រទេស​វៀតណាម នា​ខែ​ឧសភា ខាង​មុខនេះ ព្រោះ​​បញ្ហា​នេះ វា​ធ្វើ​ឱ្យ​ប៉ះ​ពាល់​​ខ្លាំងដល់​កិត្តិយសប្រទេស​ជាតិ។

ប្រមុខដឹកនាំប្រទេស លោក ហ៊ុន សែន ​បាន​ថ្លែង​ថា៖ «ក្មួយៗជាកីឡាករ កីឡាការិនីត្រូវ​ដឹងឱ្យបាន​​ច្បាស់​ថា ការ​ទៅ​ប្រកួត​ស៊ីហ្គេមនេះ គឺ​​កាន់​ទង់​ជាតិ នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ទៅ​ជា​មួយ ដូច្នេះ​ក្មួយៗ ​ត្រូវ​តែ​ដឹង​ថា នៅ​ជាប់​នឹង​ខ្លួន​ក្មួយ មាន​តួ​អង្គ​ព្រះ​មហា​ក្សត្រ មាន​តួ​អង្គ នីតិ​បញ្ញតិ រដ្ឋសភា ព្រឹទ្ធសភា មាន​តួអង្គ​នីតិ​ប្រតិបត្តិ ជា​ពិសេស​មាន​ប្រជាជន​ជិត​១៧​លាន​នាក់ ដែល​នៅ​ជាមួយ​នឹង​ក្មួយៗ ហេតុនេះ​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ ​វា​សំខាន់​​ណាស់ សម្រាប់​ប្រទេស​ជាតិរ​បស់​យើង ដូច្នេះ​អាសារ​ធាតុ​គ្រឿង​ញៀន​នេះ គ្រឿង​លើក​កម្លាំង​នេះ ត្រូវ​បាន​ហាមកុំឱ្យមាន​​ដាច់​ខាត»

លោកនាយករដ្ឋមន្រ្តី បានបន្ថែមថា៖ «ការ​ប្រកួត​អាច​មាន​ការ​ថ្លោះ​ធ្លោយ ដោយ​អចេតនា ប៉ុន្តែ​សម្រាប់​ការ​ប្រើ​ប្រាស់​សារធាតុ​ញៀន ​សារធាតុ​លើក​កម្លាំង ដែល​ខុស​ពី​បម្រាមនេះ ​ជាចេតនា​ពិត​ប្រាកដ ដូច្នេះ​បើ​មាន​កំហុស​នេះ ​វាជា​រឿង​អសោច សម្រាប់​មុខ​មាត់​ប្រទេស​ជាតិ​របស់​យើង ហេតុនេះមិន​ត្រូវ​ឱ្យ​មាន​​រឿង​នេះ កើត​ឡើង​ជា​ដាច់​ខាត នៅ​ក្នុង​ចំណោម​កីឡា​របស់​យើង!»

ការថ្លែងបែបនេះ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានធ្វើឡើង ក្នុង​ពិធី​សំណេះសំណាលជាមួយប្រតិភូ​កីឡាកម្ពុជា ចូល​រួម​ប្រកួត​កីឡាស៊ីហ្គេម លើក​ទី​៣១ នាទីក្រុង​ហាណូយ ប្រទេស​វៀតណាម នៅមណ្ឌល​កោះពេជ្រ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍នេះ។

ជាមួយគ្នា​នេះ លោក​ ហ៊ុន សែន ក៏បាន​ប្រាប់​ឱ្យ​ថ្នាក់​ដឹកនាំ​កីឡា និង​ក្រុម​ជម្រើសជាតិកម្ពុជា ត្រូវ​រៀនសូត្រ និង​ដក​ស្រង​យកបទពិសោធ​ល្អៗ ពីការ​ប្រកួត នៅស៊ីហ្គេម​លើក​នេះ ដើម្បី​ធ្វើ​ជា​ទុន សម្រាប់​រៀបចំការ​ប្រកួត​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា នឹង​ត្រូវធ្វើ​ម្ចាស់​ផ្ទះ ជា​ប្រវត្តិ​សាស្រ្ត​លើក​ដំបូង ហើយ​ស៊ីហ្គេមលើកនេះ វា​ជា​លើក​ដំបូង ​ដែល​កម្ពុជា​ បាន​​បញ្ជូនក្រុម​​កីឡា ក្នុង​កម្រិត​ទ្រង់​ទ្រាយ​ធំ ទៅ​​ចូល​រួម​ប្រកួត។

លោកបានបញ្ជាក់ថា៖ «សម្រាប់​ការ​ប្រកួតស៊ីហ្គេម ​លើក​នេះ សង្ឃឹម​ថា អ្នក​ដឹកនាំ​របស់​យើង ក៏​ដូច​ជា​កីឡាករ កីឡាការិនី​របស់​យើង នឹង​ធ្វើ​ការ​ដក​ពិសោធ រៀន​សូត្រ នៅទី​នោះ ដើម្បី​យើង​ចាត់​ចែង​ធ្វើ​ម្ចាស់​ផ្ទះឱ្យ​បាន​សមស្រប។ ពិត​មែន​ហើយ យើង​បាន​សិក្សា​ជា​លំដាប់ តៗ​គ្នា​រហូត​មក ​ពីការ​ចាត់ចែង និង​រៀបចំធ្វើ​ជាម្ចាស់​ផ្ទះ​របស់ប្រទេសគេ អ៊ីចឹង​​ដល់​យើង​ធ្វើ​ម្ចាស់​ផ្ទះ ​យើងក៏​​ត្រូវចាត់ចែង និង​​ធ្វើ​យ៉ាង​ម៉េចឱ្យ​បាន​ល្អ​ដូចគេ ហើយ​បើ​បាន​ល្អ​លើស​គេ​ទៀត ក៏​កាន់​តែ​ល្អ»។

តាម​របាយការណ៍​របស់​លោក ថោន ខុន ប្រធានគណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា (NOCC) បាន​ឱ្យ​ដឹង​ថា ការ​ប្រកួត​ស៊ីហ្គេម នៅប្រទេសវៀតណាម លើក​នេះ  បាន​រៀបចំឱ្យ​មាន​ការ​ប្រកួត​ប្រជែង នៅលើ​​ប្រភេទ​កីឡា​ចំនួន​៤០ ដោយ​មាន​៥២៦វិញ្ញាសា ហើយ​ប្រទេស ដែល​ត្រូវ​ចូល​រួម​មានម្ចាស់​ផ្ទះ​វៀតណាម កម្ពុជា ឡាវ ប្រ៊ុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ថៃ មីយ៉ាន់ម៉ា និងទីម័រខាងកើត ដែលមានចំនួនកីឡាករ-កីឡាការិនី សរុប​៧,១១៥​នាក់ និង​អ្នកស្ម័គ្រចិត្ត បម្រើការងាររៀបចំប្រកួត ចំនួន៣០០០នាក់។ ចំណែកកម្ពុជា នឹ​ង​ប្រភេទ​កីឡា ចំនួន​៣៣ ទៅ​ចូល​រួម ដោយ​ក្នុង​នោះ មានប្រតិភូកីឡា​សរុបចំនួន​៥៦០នាក់៕