ក្រុមបាល់ទាត់តំណាងឲ្យខេត្តចំនួន៤ សុទ្ធតែទទួលបាន៣ពិន្ទុ សម្រាប់ការប្រកួតបើកឆាកវគ្គជម្រុះថ្នាក់ខេត្ត នៃពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១៣ ឆ្នាំ២០១៩ ប៉ុន្តែ២ក្រុមទៀត បានចែកគ្នាម្នាក់១ពិន្ទុ។

តាមរយៈការប្រកួត២ថ្ងៃកន្លងមកនេះ ក្រុមម្ចាស់ផ្ទះ ខេត្តបាត់ដំបង បានត្រឹមចែកគ្នាត្រឹមម្នាក់១ពិន្ទុជាមួយក្រុមខេត្តប៉ៃលិន បន្ទាប់ពីក្រុមទាំង២ បានប្រកួតគ្នា ២-២ នៅកីឡដ្ឋានខេត្តបាត់ដំបង កាលពីថ្ងៃអង្គារ ប៉ុន្តែក្រុមម្ចាស់ផ្ទះ ខេត្តពោធិ៍សាត់ បានឈ្នះក្រុមខេត្តបន្ទាយមានជ័យ ២-០ ហើយក្រុមម្ចាស់ផ្ទះខេត្តប៉ៃលិន បានលត់ក្រុមភ្ញៀវ ខេត្តកណ្តាល រហូតដល់ ៧-០។

ចំណែក២ប្រកួតទៀត ដែលបានធ្វើនៅថ្ងៃពុធ ម្សិលមិញ ក្រុមម្ចាស់ផ្ទះ ខេត្តស្វាយរៀង និង ខេត្តមណ្ឌលគិរី សុទ្ធតែបានយកឈ្នះលើក្រុមភ្ញៀវ ដើម្បីទទួលបាន៣ពិន្ទុ ដោយក្នុងនោះ ខេត្តស្វាយរៀង បានយកឈ្នះក្រុមខេត្តព្រៃវែង ៣-១ ហើយ ខេត្តមណ្ឌលគិរី បានឈ្នះក្រុមខេត្តស្ទឹងត្រែង ៥-៤។

គួរបញ្ជាក់ថា នៅក្នុងការប្រកួតថ្នាក់ខេត្តនេះ មានក្រុមចំនួន២៣ចូលរួម ដោយចែកការប្រកួតជា៦ពូល ដោយក្នុងនោះពូលA មានក្រុមខេត្តបាត់ដំបង ប៉ៃលិន ពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ ឯពូលB មានក្រុមខេត្តស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ និងខេត្តកណ្ដាល។

ចំណែកពូល C មានក្រុមខេត្តស្ទឹងត្រែង រតនៈគិរី ក្រចេះ ខេត្តមណ្ឌលគីរី ពូលD មានក្រុមខេត្តកំពត កែប ព្រះសីហនុ ខេត្តកោះកុង ពូលE មានខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ ខេត្តព្រះវិហារ ហើយពូល F មានតែ៣ក្រុមទេ គឺមានក្រុមខេត្តតាកែវ កំពង់ស្ពឺ និងក្រុមខេត្តកំពង់ឆ្នាំង។

បើតាមគណៈកម្មការរៀបចំការប្រកួតបានឲ្យដឹងថា ការប្រកួតជម្រុះថ្នាក់ខេត្តនេះ នឹងធ្វើការប្រកួតជម្រុះតាមពូលនីមួយៗតែ១ជុំប៉ុណ្ណោះ ហើយក្រុមទទួលបានចំណាត់ថ្នាក់លេខ១ និងលេខ២ ប្រចាំពូលទាំង៦ សរុប១២ក្រុម រួមទាំងក្រុមលេខ៣ល្អ ចំនួន៤ក្រុមផ្សេងទៀត នឹងត្រូវឡើងមកប្រកួតវគ្គជម្រុះ១៦ក្រុម ដើម្បីរកក្រុមបានលេខ១ និងលេខ២ ឡើងមកថ្នាក់ជាតិ ជាមួយក្រុមលីកកំពូលកម្ពុជាទាំង១៤ ឆ្នាំ២០១៩នេះ៕

អត្ថបទដោយ៖ Cambosport