ក្លិប West Ham បានបំពេញការវាយបកដ៏មិននឹកស្មានដល់មួយកាលពីថ្ងៃពុធ តាមរយៈការវាយបកពីការដេញតាមពីក្រោយ ២គ្រាប់ នៅពេលប្រកួតជាមួយនឹងក្រុម Tottenham Hotspur ដើម្បីឈានទៅវគ្គ ៨ក្រុមចុងក្រោយនៃពាន League Cup ស្របពេលដែលក្រុម Chelsea បានយកឈ្នះលើក្រុម Everton។

ក្រុម West Ham របស់លោក Slaven Bilic បានដេញតាមពីក្រោយគ្រាប់បាល់ ២-០ ក្នុងពេលបញ្ចប់តង់ទី១ ក្រោយពីការបង្ហាញពីទម្រង់លេងមិនបានល្អ ប៉ុន្តែ គ្រាប់បាល់ស៊ុតបញ្ចូលទី ២គ្រាប់ពីសំណាក់ខ្សែប្រយុទ្ធ Andre Ayew និងគ្រាប់បាល់ទី៣ ពីកីឡាករ Angelo Ogbonna បានបង្កើតឲ្យមានការភ្ញាក់ផ្អើលនៅកីឡដ្ឋាន Wembley និងបំពេញការវាយបកដ៏មិននឹកស្មានដល់សម្រាប់ក្រុមញញួរធំមួយនេះតែម្តង។

Spurs ដែលបានផ្លាស់ប្តូរកីឡាករជាច្រើនក្នុងជម្រើសទាំង ១១នាក់ដំបូងរបស់ពួកគេនោះ បានធ្វើការគ្រប់គ្រងយ៉ាងឆាប់រហ័ស តាមរយៈគ្រាប់បាល់បើកឆាករបស់កីឡាករ Moussa Sissoko ក្រោយពីការបញ្ជូនបាល់ពីខ្សែប្រយុទ្ធ Son Heung-Min នៅមុនពេលខ្សែបម្រើ Dele Alli បានបន្ថែមការនាំមុខរបស់ក្រុមខ្លួននៅរយៈពេល ៨នាទីចុងក្រោយ។

លោក Bilic បានឲ្យដឹងថា៖ «ខ្ញុំបាននិយាយថា ខ្ញុំមានអារម្មណ៍ស្ងប់ និងរីករាយនៅពេលដែលយើងឈ្នះនៅថ្ងៃនេះ។ អ្នកឃើញហើយថា ក្រុមនេះពិតជារស់រវើក ហើយយើងពិតជាមានភាពរឹងមាំប្រកបដោយភាពវិជ្ជមាន។ យើងបានធ្វើរឿងជាច្រើន ប៉ុន្តែ បើគិតនៅរដូវកាលនេះ យើងមិនទាន់ធ្វើអ្វីបានសម្រេចឡើយ»។

វីឌីអូហាយឡាយការប្រកួតរវាង Tottenham vs West Ham ៖

រីឯនៅកីឡដ្ឋាន Stamford Bridge ឯនោះវិញ ការប្រកួតជាលើកទី១ របស់លោក David Unsworth ក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្ន បានបញ្ចប់ដោយការរងបរាជ័យក្នុងលទ្ធផល ២-១ ក្រោមស្នាដៃក្រុម Chelsea៕

កែសម្រួលដោយ៖ Usportkh
ប្រភព៖ Sport24