ការ​ប្រកួត​ពាន​រង្វាន់ League Cup ឬពាន​រង្វាន់​លីគ​ខាប់ ឆ្នាំ​២០២១ ដែល​រៀបចំ​ឡើង ដោយ​គណៈកម្មការ​ប្រកួតបាល់​ទាត់​ជាតិ​កម្ពុជា (CNCC) ​​របស់​​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា (FFC) នៅ​តែបន្ត​ជាប់គាំង ដោយ​ត្រូវ​លើក​ពេល​ប្រកួត ហើយ​​មិនទាន់កំណត់​កាលបរិច្ឆេទ​ជា​ថ្មី ខណៈ​កីឡាករ​ម្នាក់ នៅ​ក្នុង​ក្លិប​ ដែល​បាន​ឆ្លង​ផុត​ការ​ប្រកួតវគ្គជម្រុះ​តាមពូលទាំង​២ ត្រូវ​បានរក​ឃើញ​វិជ្ជមាន​ជំងឺកូវីដ​១៩​នោះ។

​វាមិន​មែន​ជា​លើក​ទី​១​នោះទេ ដែល CNCC បាន​លើក​ពេល ឬលុប​ចោល​ការ​ប្រកួត​ក្រោយ​រក​ឃើញ​ថា មន្រ្តី​​ និងកីឡាករ​របស់​ក្លិប​មួយចំនួន បានជាប់សង្ស័យ ឬបាន​ឆ្លងជំងឺ​កូវីដ​១៩ ព្រោះ​គិតចាប់តាំង​ពី​ការ​ប្រកួតលីគខាប់ ឆ្នាំ​២០២១ បានចាប់​ផ្តើម កាលពី​ថ្ងៃទី​៥ ខែមិថុនា រហូត​ដល់​ពេល​នេះ CNCC បានសម្រេច​លុប​ចោល​ការ​​ប្រកួត រហូត​ដល់​​៨ នៅក្នុង​ចំណោមការ​ប្រកួត​វគ្គជម្រុះតាមពូល​ទាំង​២ សរុប​ចំនួន​១២​លើក។

នៅ​ក្នុង​​នោះ ក្រុម​បឹងកេត ក្រុម​យុវជន​សាលា​បាល់​ទាត់ជាតិបាទី​អាយុ​ក្រោម​១៨​ឆ្នាំ ក្រុម​ភ្នំពេញ​ក្រោន និង​ក្រុមអាយអេសអាយដង្កោសែន​ជ័យ សុទ្ធ​តែ​ត្រូវបាន​ដក​ឈ្មោះ​ចេញពី​ការ​ប្រកួតនេះ បន្ទាប់​ពីរក​ឃើញ​ថា ​មន្រ្តីកីឡា និងកីឡាករ​មួយចំនួន​របស់​ក្រុមទាំង​នេះ បានជាប់សង្ស័យ​ និង​ខ្លះ​បាន​​ឆ្លង​ជំងឺកូវីដ​១៩។

ជារួម មានតែ​​ក្រុមវិសាខា ​ព្រះ​ខ័នរាជស្វាយរៀង ក្រុមកងយោធពល​ខេមរភូមិន្ទ (ទ័ព) និងក្រុម​ខេត្តព្រៃវែង ​ដែល​មិនបានជួបបញ្ហា​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩ នៅ​ក្នុង​ការ​ប្រកួត​ជម្រុះ​តាមពូលទាំង​២​នេះ។ ​តាម​រយៈ​ការ​ប្រកួតជម្រុះ​តាមពូល​ទាំង​២ ដែល​​ទើប​បាន​បញ្ចប់ កាលពី​ថ្ងៃសៅរ៍ ទី​១៩ ខែមិថុនា ក្រុម​វិសាខា បាន​ជាប់​លេខ​១​ប្រចាំពូល​A ព្រោះ​​បាន​ឈ្នះ​លើ​ក្រុម​បឹងកេត ​ភ្នំពេញ​ក្រោន និង​ក្រុមអាយ អេស អាយ ដង្កោ​សែន​ជ័យ ដោយ​ស្វ័យប្រវត្តិដូច​គ្នា។

ចំណែក​ក្រុមទ័ព បាន​លេខ​១​ប្រចាំពូល​B បន្ទាប់ពីពួកគេ​បាន​យក​ឈ្នះ​ក្រុម​ព្រះខ័នារាជស្វាយរៀង ដោយការ​ទាត់បាល់​ប៉េណាល់ទី ៥-៣ ក្រោយ​ស្មើ​គ្នា ១-១ ក្នុង​ការ​ប្រកួតជម្រុះ​លើក​ទី​៣ ចុងក្រោយ កាលពី​ថ្ងៃសៅរ៍​នោះ ហើយ​ក្រុមស្វាយរៀង ឈរ​នៅ​លេខ​២ រីឯ​ក្រុមខេត្តព្រៃវែង ដែល​ឈរ​នៅលេខ​៣ ជាមួយការ​ឈ្នះ​១ និងចាញ់១​ប្រកួត​នោះ បាន​​ធ្លាក់​ចេញពីការ​ប្រកួតនេះ​ហើយ។

ដោយ​សារ​តែ​បេក្ខភាព ត្រូវ​ឡើង​ទៅ​វគ្គ​បន្ត មានតែ​៣ក្រុម​បែបនេះ CNCC បាន​កំណត់​ឱ្យ​ក្រុម​ទ័ព ឡើង​ទៅ​ឈរ​ចាំ​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ដោយ​ស្វ័យ​ប្រវត្តិ​តែ​ម្តង ចំណែក​ក្រុម​លេខ​១​ពូល​A វិសាខា ត្រូវ​ប្រកួត​វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រជាមួយក្រុម​លេខ​២​ពូល​B ព្រះខ័ន​រាជស្វាយរៀង ដើម្បី​រក​ក្រុម​ឈ្នះ​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ។

​តែ​ទោះ​បីជា​យ៉ាង​ណា សម្រាប់​​ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​ និង​វគ្គ​ផ្តាច់​ព្រ័ត្រ នៃ​ពាន​រង្វាន់លីគ​ខាប់ នេះ នៅតែ​ជាប់​គាំង ហើយមិនទាន់​ដឹង​ថា នឹង​អាច​រៀបចំ​បាន​ឡើង​វិញ នៅ​ពេល​ណា​ឱ្យ​ប្រាកដ​នោះ​ទេ ព្រោះ​កាលពី​ថ្ងៃពុធ ម្សិលមិញ​នេះ CNCC ​បាន​ប្រកាសថា បាន​លើក​ពេល​ការ​ប្រកួត​ទាំង​២​ដំណាក់កាល​នេះ ដោយ​មូល​ហេតុ​ថា ​បាន​រក​ឃើញ​នូវករណី​វិជ្ជមាន​នៃជំងឺ​កូវីដ​១៩ ទៅ​លើ​កីឡាករ​ម្នាក់របស់​ក្រុម​កងយោធពល​ខេមរភូមិន្ទ កាល​ពី​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២១៕