បរទេស៖ ការអសមត្ថភាព​របស់​ក្រុម Liverpool ក្នុង​ការ​​ទម្លុះ​តំបន់​ការ​ពារ​របស់ក្រុម Arsenal ដែល​បានលេង​ច្រើន​ជាង​រយៈ​ពេល​១​ម៉ោង ជាមួយនឹង​សមា​ជិក​ត្រឹម​តែ​១០​នាក់​ ក្នុងពេល​​ការ​ប្រកួត​ពាន League Cup វគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ជើង​​ទី​១ បាន​បញ្ចប់​ក្នុងលទ្ធផល​ស្មើ ០-០ កាលពីថ្ងៃ​ព្រហស្បតិ៍ បាន​ធ្វើ​ឲ្យក្រុមហង្ស​ក្រហម​មួយនេះ បារម្ភ​ពី​ដំណាក់កាល​ដែល​ពួក​គេមិនមាន​តារាឆ្នើម Mohamed Salah​​។

ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​អេ​ហ្ស៊ីប​រូបនេះ នឹងអវត្តមាន​រហូត​ដល់​ដាច់​ខែ​នេះ ខណៈ​ដែល​រូបគេ​ត្រូវ​​បំពេញ​កាតព្វ​កិច្ច​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​របស់គេ ក្នុង​ព្រឹត្តិការណ៍ Africa Cup of Nations​។ ប៉ុន្តែ ក៏​មាន​ការ​សង្ស័យ​ពី​អនា​គត​ក្នុង​រយៈពេល​វែង​របស់​ខ្សែ​ប្រយុទ្ធ​​ដែល​រក​គ្រាប់បាល់​បាន​ច្រើន​ជាង​​គេ​ក្នុងក្រប​ខ័ណ្ឌ Premier League រូប​នេះ​ផង​ដែរ ខណៈ​ដែល​រូប​គេ​នៅ​ជាប់កិច្ច​សន្យា​ត្រឹម​តែ​១៨​ខែ​ទៀត​ប៉ុណ្ណោះ ហើយ​ក៏មិន​ទាន់​មាន​សញ្ញា​នៃការ​ឈាន​ដល់​ការ​ព្រម​ព្រៀម​គ្នា​លើ​កុង​ត្រា​ថ្មី​រវាង​ក្លិប និង​តារា​ឆ្នើម​របស់​ពួក​គេ​ឡើយ​។

Salah បាន​និយាយ​ក្នុងកិច្ច​សម្ភាសមួយ​ជាមួយនឹង​ទស្សនា​វដ្តី GQ នៅ​សប្តាហ៍​នេះ​ថា៖ «ខ្ញុំ​ចង់​បន្តនៅ ប៉ុន្តែ វាមិនមែន​អាស្រ័យ​លើ​រូប​ខ្ញុំ​ឡើយ​។ វា​អាស្រ័យ​ទៅ​លើ​ពួកគេ​។ ពួក​គេ​ដឹង​ពីអ្វី​ដែលខ្ញុំ​ចង់​បាន​។ ខ្ញុំ​​មិនមែន​កំពុង​តែ​ស្នើ​សុំ​យក​របស់​ដែល​ឆ្កួត​ៗ​ឡើយ​»​៕

ប្រភព​ព័ត៌មាន៖ Channel News Asia