លោក Maurizio Sarri អ្នកចាត់ការទូទៅរបស់ក្រុម Chelsea បានបញ្ជាក់ថា ការបដិសេធរបស់អ្នកចាំទី Kepa Arrizabalaga ក្នុងការមិនប្តូរចេញ «គឺជាការយល់ច្រឡំមួយ» បើទោះបីអ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះ គួរតែបានបង្ហាញការគោរពបន្ថែមទៀតទៅកាន់គ្រូបង្វឹករបស់ខ្លួនក៏ដោយ ខណៈដែលក្រុម Manchester City បានការពារពាន League Cup របស់ខ្លួនយ៉ាងជោគជ័យ តាមរយៈការឈ្នះ ៤-៣ ដោយការស៊ុតបាល់ប៉េណាល់ទី។

គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ បានព្យាយាមដាក់អ្នកចាំទី Willy Caballero ជំនួសអ្នកចាំទីមានតម្លៃខ្លួនខ្ពស់បំផុតរបស់ពិភពលោក Kepa ក្នុងពេលជិតបញ្ចប់ការប្រកួតរយៈពេល១២០នាទី ដែលបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០។ Kepa បានព្យាយាមទទួលការព្យាបាលសម្រាប់បញ្ហារបួស នៅជិតបញ្ចប់ការប្រកួត ហើយលោក Sarri បាននិយាយថា លោកជឿជាក់ថា រូបគេមានបញ្ហារមួលក្រពើ នៅមុនពេលគ្រូពេទ្យប្រចាំក្លិបបានបញ្ជាក់ពីបញ្ហាផ្សេងបន្ទាប់ពីនោះ។

លោក Sarri បានឲ្យដឹងថា៖ «វាជាការយល់ច្រឡំដ៏ធំមួយ ពីព្រោះខ្ញុំបានយល់ឃើញថា រូបគេមានបញ្ហារមួលក្រពើ ហេតុនេះ ខ្ញុំមិនចង់ឲ្យអ្នកចាំទីរូបគេបន្តលេងរហូតដល់ការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តីក្នុងលក្ខខណ្ឌបែបនោះឡើយ»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំបានដឹងពីស្ថានភាពនេះ ក្រោយពីរយៈពេល៣ ឬ៤នាទី នៅពេលដែលគ្រូពេទ្យបានដើរមកកាន់កន្លែងកៅអីអង្គុយវិញ»។ អ្នកចាំទី Ederson របស់ក្រុម Man City បានសង្គ្រោះបាល់ពីការស៊ុតរបស់កីឡាករ Jorginho ហើយ David Luiz បានស៊ុតបាល់ប៉ះទៅនឹងបង្គោលទី នៅមុនពេលខ្សែប្រយុទ្ធ Raheem Sterling បានរកគ្រាប់បាល់ឈ្នះ តាមរយៈការស៊ុតបាល់ទម្លុះសំណាញទីរបស់ Kepa៕

អត្ថបទ៖ Cambosport
ប្រភព៖ Channel News Asia