Leicester City ដែលជាម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League កាលពីថ្ងៃពុធ បានតែងតាំងលោក Claude Puel ជាអ្នកចាត់ការទូទៅថ្មីរបស់ពួកគេ ក្រោយពីការបណ្តេញលោក Craig Shakespeare ចេញពីដំណែងកាលពីសប្តាហ៍មុន។

ក្លិប Leicester បានឈ្នះពានកំពូលអង់គ្លេស ក្រោមការដឹកនាំរបស់លោក Claudio Ranieri ក្នុងរដូវកាលឆ្នាំ២០១៥-២០១៦ ប៉ុន្តែបានចែកផ្លូវជាមួយនឹងគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះកាលពីខែកុម្ភៈ ហើយបើទោះបីបានវិលទៅរកភាពល្អប្រសើរវិញក្រោមការដឹកនាំរបស់លោក Shakespeare កាលពីចុងរដូវកាលមុនក៏ដោយ ប៉ុន្តែពួកគេនាំមុខ ១ពិន្ទុគត់ពីលើក្រុមស្ថិតក្នុងតំបន់កាត់ចោលនៅរដូវកាលនេះ។

លោក Puel វ័យ ៥៦ឆ្នាំ ដែលជាអតីតគ្រូបង្វឹករបស់ក្លិប Monaco, Lyon និង Southampton នោះ នឹងចូលកាន់តំណែងការប្រកួតជាលើកទី១ របស់លោកនៅថ្ងៃអាទិត្យនេះ នៅពេលដែលក្រុម Leicester ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Everton នាកីឡដ្ឋាន King Power។

លោក Aiyawatt Srivaddhanaprabha អនុប្រធានក្លិប Leicester City បានឲ្យដឹងថា៖ «នៅពេលដែលយើងបានចាប់ផ្តើមដំណើរការនៃកំណត់យកអ្នកចាត់ការទូទៅថ្មីម្នាក់ ក្រុមប្រឹក្សាបានបង្កើតបញ្ជីនៃបេក្ខភាពគ្រូបង្វឹកភ្លាមៗដែលយើងត្រូវតែនាំយកទៅកាន់ក្លិបនេះ ហយលោក Claude Puel គឺជាមនុស្សដ៏ស័ក្តិសមឥតខ្ចោះ»។ គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ ដែលត្រូវបានបណ្តេញចេញដោយក្លិប Southampton កាលពីខែមិថុនា ក្រោយពីដឹងនាំបានត្រឹមតែ ១រដូវកាល បើទោះបីក្រុមខ្លួនបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៨ លើតារាង Premier League ក៏ដោយ បាននិយាយថា វាពិតជាសិទ្ធិដ៏អស្ចារ្យក្នុងការក្លាយជាអ្នកចាត់ការទូទៅថ្មីរបស់ Leicester៕

កែសម្រួលដោយ៖ Usportkh
ប្រភព៖ Channel News Asia