ខ្សែប្រយុទ្ធ Timo Werner នឹងសម្លឹងរកការស្តារមុខមាត់ត្រឡប់មកវិញ នៅពេលដែលក្រុម RB Leipzig ធ្វើដំណើរទៅកាន់ទឹកដីក្រុម Bayern Munich ក្នុងការប្រកួតក្របខ័ណ្ឌ Bundesliga នៅថ្ងៃសៅរ៍នេះ។

ខ្សែប្រយុទ្ធវ័យ ២១ឆ្នាំរូបនេះ បានស៊ុតបាល់ពីចំណុច ១១ម៉ែត្រដ៏សំខាន់មិនចូលទី ក្នុងការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី ខណៈដែលក្រុម Bayern បានទម្លាក់ក្រុម Leipzig ចេញពីពាន German Cup កាលពីថ្ងៃពុធ។ Werner ត្រូវបានរំពឹងទុកថា នឹងវិលទៅកាន់សមាជិកទាំង ១១នាក់ដំបូងវិញ នៅថ្ងៃសៅរ៍នេះ ក្រោយពីបានលេងក្នុងនាមជាកីឡាករបម្រុង ក្នុងពេលក្រុមខ្លួនបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ក្នុងរយៈពេល ១២០នាទី។

រូបគេ និងមិត្តរួមក្រុមរបស់គេ នឹងត្រូវធ្វើដំណើរទៅសងសឹកភ្លាមៗនៅកីឡដ្ឋាន Allianz Arena។ ជាមួយនឹងការស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ និងដេញតាមពីក្រោយក្រុម Bayern ១ពិន្ទុ ការទទួលជ័យជម្នះនឹងធ្វើឲ្យក្រុម Leipzig ឡើងឈរពីលើគូប្រកួតរបស់ពួកគេនៅលើតារាងនៃក្របខ័ណ្ឌ Bundesliga។ ប៉ុន្តែ ក្រុមទាំងពីរ បច្ចុប្បន្នកំពុងតែដេញតាមពីក្រោយក្រុម Borussia Dortmund ដែលសង្ឃឹមថា នឹងវិលទៅកាន់ផ្លូវនៃជ័យជម្នះវិញ នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុម Hanover 96។ ការរំជួលចិត្តផ្សេងៗ ពិតជាស្ថិតក្នុងកម្រិតដ៏ខ្ពស់ នៅពេលដែលក្រុម RB Leipzig ធ្វើដំណើរទៅកាន់ទីក្រុង Munich នៅថ្ងៃសៅរ៍នេះ ក្រោយពីការប្រកួតដ៏ស្វិតស្វាញកាលពីថ្ងៃពុធ។

លោក Ralf Rangnick ប្រធានផ្នែកកីឡារបស់ក្លិប Leipzig បានប៉ះទង្គិចជាមួយនឹងកីឡាកររបស់ក្រុម Bayern ក្នុងតង់ទី១ ស្របពេលដែលគ្រូបង្វឹកលោក Ralph Hasenhuettl បានចោទប្រកាន់អាជ្ញាកណ្តាលពីបទកាត់សេចក្តីមិនមានស្តង់ដារ។ ក្រុម Leipzig បានលេងការប្រកួតរយៈពេល ៦៥នាទីក្នុងចំណោមរយៈពេល ១២០នាទី ជាមួយនឹងសមាជិកត្រឹមតែ ១០នាក់ប៉ុណ្ណោះកាលពីថ្ងៃពុធ ក្រោយពីខ្សែបម្រើ Naby Keita បានរងពិន័យកាតក្រហម ហើយលោក Hasenhuettl ត្រូវបានរំពឹងទុកថា នឹងធ្វើការផ្លាស់ប្តូរជម្រើសទាំង១១នាក់ដំបូង។ ខ្សែប្រយុទ្ធ Marcel Sabitzer របស់ Leipzig បានឲ្យដឹងថា៖ «វានឹងក្លាយជាការប្រកួតដ៏លំបាកមួយ។ យើងត្រូវតែធ្វើឲ្យខ្លួនយើងឈានទៅកាន់កម្រិតនោះ។ រឿងដ៏ល្អគឺថា ក្រុម Bayern ក៏ត្រូវតែលេងរយៈពេល១២០ដែរ»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១១:៣០យប់៕

កែសម្រួលដោយ៖ Usportkh
ប្រភព៖ Time of India