ការទម្លាក់ក្រុមចំនួន ៣របស់ក្របខ័ណ្ឌ Premier League ក្នុងយុទ្ធនាការ Carabao Cup ឬ League Cup នៅរដូវកាលនេះ បាននាំឲ្យក្រុម Bristol City ដែលលេងក្នុងក្របខ័ណ្ឌ Championship ត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុមម្ចាស់ការពារតំណែងជើងឯក Manchester United។ Bristol City ដែលបានផ្តួលក្រុម Crystal Palace ៤-១ កាលពីថ្ងៃអង្ការ បានធ្វើអោយក្រុមមានឱកាសឈានទៅវគ្គ ៨ក្រុមចុងក្រោយជាលើកទី១ បើគិតចាប់តាំងពីឆ្នាំ១៩៨៩នោះ។ Bristol City បានដឹងពីគូប្រកួតរបស់ខ្លួនក្នុងការចាប់ឆ្នោតមួយ ក្នុងរយៈពេល២ម៉ោង យឺតជាងការគ្រោងទុក ដោយសារតែមានបញ្ហានៅឯទីស្នាក់របស់របស់បណ្តាញសង្គម Twitter ដែលជាកន្លែងការចាបឆ្នោតត្រូវបានរៀបចំឡើង។

លីកកីឡាបាល់ទាត់អង់គ្លេសដែលហៅកាត់ថា EFL បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «EFL បានទទួលការសុំអភ័យទោសសំណាក់ Twitter នៅចក្រភពអង់គ្លេស សម្រាប់ការពន្យារពេលនេះ ដែលត្រូវបានគេជឿជាក់ បានកើតឡើងដោយសារតែកំហុសបច្ចេកទេស។ EFL បានស្នើឲ្យមានការត្រួតពិនិត្យដ៏ពេញលេញមួយទៅលើព្រឹត្តិផ្សេងៗដែលនាំឲ្យមានការពន្យារពេលដែលមិនអាចទទួលយកបាននេះ»។ ស្របពេលជាមួយគ្នានេះ ក្រុមជើងខ្លាំង Chelsea នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Bournemouth ខណៈពេលដែលក្រុមស្ថិតក្នុងទីក្រុងតែមួយ West Ham ដែលបានទម្លាក់ក្រុម Tottenham Hotspur ក្នុងលទ្ធផល ៣-២ កាលពីថ្ងៃពុធនោះ ត្រូវធ្វើដំណើរទៅកាន់ទឹកដីក្រុម Arsenal។

ការចាប់ឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ ៖

Chelsea vs Bournemouth
Arsenal vs West Ham
Leicester vs Manchester City
Bristol City vs Manchester United

ការប្រកួតនៅវគ្គ១/៤ផ្តាច់ព្រ័ត្រនេះ នឹងចាប់ផ្តើមក្នុងសប្តាហ៍នៃថ្ងៃទី១៨ ខែធ្នូ តទៅ៕

កែសម្រួលដោយ៖ Usportkh
ប្រភព៖ Channel News Asia