ក្រុមក្រសួងការពារជាតិ នឹងត្រូវបើកទ្វារពហុកីឡដ្ឋានស្តាតចាស់របស់ខ្លួន ស្វាគមន៍ក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) នៅល្ងាចម៉ោង៦ ថ្ងៃសុក្រនេះ ហើយការប្រកួតនេះ ក្រុមទាំង២ ត្រូវការឈ្នះដូចគ្នា ដើម្បីសម្រេចទិសដៅរៀងៗខ្លួន។

ក្រុមក្រសួងការពារជាតិ ដែលកំពុងឈរនៅលេខ៤ មាន ៣៣ពិន្ទុ គឺត្រូវការឈ្នះ ដើម្បីពង្រឹងខ្លួននៅតំបន់កំពូលតារាងទាំង៤(Top4) ប៉ុន្តែក្រុមស៊ីម៉ាក់ ក៏ត្រូវបានការឈ្នះ ដើម្បីស្វែងរកឱកាសគេចចេញពីតំបន់កាត់ចោលនៃការប្រកួតលីកកំពូល កម្ពុជា ឆ្នាំ២០១៧ នេះផងដែរ ព្រោះពេលនេះពួកគេកំពុងឈរនៅលេងរៀងទី១១ ជាតំបន់កាត់ចោល ដោយមានត្រឹម ១១ពិន្ទុ។

យ៉ាងណាក៏ដោយ បើតាមគុណភាពលេងរវាងក្រុមទាំង២នេះ គឺក្រុមស៊ីម៉ាក់ មិនអាចទៅរួចជាមួយក្រុមក្រសួងការពារជាតិ បាននោះទេ។ សម្រាប់ការប្រកួតជើងទី១កន្លងមក ក្រសួងការពារជាតិ បានលត់ក្រុមស៊ីម៉ាក់រហូតដល់ ៦-១ ឯណោះ ហើយការប្រកួតនេះក្រសួងការពារជាតិ បានដាក់គោលដៅ ត្រូវឈ្នះ៣ពិន្ទុជាដាច់ខាត ដើម្បីបានទៅប្រកួតនៅវគ្គបន្ត។

លោក ទេព ឡុងរចនា គ្រូបង្វឹកក្រុមក្រសួងការពារជាតិ ធ្លាប់បាននិយាយថា៖ «សម្រាប់ការប្រកួត ដែលនៅសល់ យើងមិននិយាយលទ្ធផលស្មើ ឬចាញ់នោះទេ គឺយើងត្រូវឈ្នះជាដាច់ខាត ព្រោះបើសិនជាយើងចាញ់ក្នុងការប្រកួតណាមួយ គឺយើងមិនអាចឈរនៅតំបន់ Top4 ហើយបានឡើងទៅប្រកួតនៅវគ្គបន្តនោះឡើយ»៕