ខ្សែប្រយុទ្ធ Jamie Vardy បានជួយឲ្យលោក Claude Puel ចាប់ផ្តើមយ៉ាងល្អឥតខ្ចោះ នៅថ្ងៃដឹកនាំក្រុម Leicester City ជាលើកដំបូងរបស់លោកកាលពីថ្ងៃអាទិត្យ ខណៈដែលអតីតម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League មួយនេះ បានវិលទៅរកទម្រង់លេងយ៉ាងល្អរបស់ខ្លួនវិញ តាមរយៈការយកឈ្នះលើក្រុម Everton ក្នុងលទ្ធផល ២-០។

ដើម្បីរំឭកដល់រដូវកាលនៃការឈ្នះរបស់ពួកគេក្នុងឆ្នាំ ២០១៥-២០១៦ Leicester បានដាក់សម្ពាធយ៉ាងខ្លាំងទៅលើក្រុមភ្ញៀវនៅដើមតង់ តាមរយៈការវាយសម្រុកយ៉ាងខ្លាំងក្លា ខណៈដែលខ្សែបម្រើ Demarai Gray បានបង្កើតឱកាសជាច្រើននៅពីមុខទីរបស់ក្រុម Everton ក្នុងការបង្ហាញខ្លួនជាលើកទី២ របស់គេក្នុងការប្រកួតនៅរដូវកាលនេះ។ បើទោះបីបានចាប់ផ្តើមយ៉ាងត្រដាបត្រដួសដែលបានធ្វើឲ្យលោក Craig Shakespeare បាត់បង់ការងារក៏ដោយ ប៉ុន្តែ ការទទួលជ័យជម្នះជាលើកទី៣ របស់ក្រុម Leicester ក្នុងរដូវកាលនេះ បានធ្វើឲ្យពួកគេឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ១១ នៅលើតារាង ស្របពេលដែល Everton ដែលបានចែកផ្លូវជាមួយនឹងលោក Ronald Koeman កាលពីដើមសប្តាហ៍នេះ កំពុងតែស្ថិតក្នុងតំបន់កាត់ចោល។

លោក Claude Puel គ្រូបង្វឹករបស់ក្រុម Leicester បានឲ្យដឹងថា៖ «ខ្ញុំពិតជាចាប់អារម្មណ៍ទៅនឹងទម្រង់លេងរបស់កីឡាករខ្ញុំ។ វាពិតជាការលេងក្នុងតង់ទី១យ៉ាងល្អ ហើយមានការលេងស៊ីចង្វាក់គ្នាល្អរវាងកីឡាករសម្រាប់ការរកគ្រាប់បាល់ទី១»។ គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានបន្ថែមទៀតថា៖ «វាផ្តល់ការលំបាកច្រើនជាងក្នុងតង់ទី២ ពីព្រោះ Everton ជាក្រុមខ្លាំង។ ប៉ុន្តែ ខ្ញុំបានឃើញក្រុមមួយដែលមានស្មារតីប្រយុទ្ធល្អ និងមានរចនាសម្ព័ន្ធល្អ និងរឹងមាំ»៕

វីឌីអូហាយឡាយការប្រកួតរវាងក្រុម Leicester City vs Everton​ ៖

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia