លោក Eusebio Di Francesco គ្រូបង្វឹករបស់ក្រុម Roma បានអំពាវនាវឲ្យក្រុមរបស់លោក មានស្មារតីដូចទៅនឹងការប្រកួតក្នុងទីក្រុងឡុងដ៍កាលពី ២សប្តាហ៍មុន នៅពេលជួបជាមួយនឹងក្រុម Chelsea ក្នុងការប្រកួត Champions League នៅរាត្រីនេះ ក្នុងទីក្រុង Rome ។

Roma បានឈ្នះរាល់ការប្រកួតទាំង ៣លើកនៃការប្រកួតលីករបស់ពួកគេ ចាប់តាំងពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ៣-៣ ជាមួយនឹងក្រុម Chelsea កាលពី ២សប្តាហ៍មុន ហើយលោក Di Francesco បានអំពាវនាវឲ្យក្រុមរបស់លោកបន្តឲ្យបង្ហាញពីទម្រង់លេងដ៏រឹងមាំដូចនៅកីឡដ្ឋាន Stamford Bridge។

លោក Di Francesco បានប្រាប់សន្និសីទសារព័ត៌មាននាកីឡដ្ឋាន Stadio Olimpico កាលពីថ្ងៃចន្ទថា៖ «ក្នុងទីក្រុងឡុងដ៍ យើងបានឃើញការលេងដ៏ល្អឥតខ្ចោះរបស់ក្រុម Roma ហើយនៅថ្ងៃស្អែកនេះ ខ្ញុំចង់ឃើញស្មារតីប្រយុទ្ធដូចគ្នា»។ គ្រូបង្វឹករូបនេះ បានប្រាប់បន្តថា៖ «ខ្ញុំចង់បានស្មារតីប្រយុទ្ធដូចទៅនឹងស្មារតីមួយដែលយើងបានបង្ហាញក្នុងការប្រកួតមុនរបស់យើង។ ស្មារតីត្រូវតែស្ថិតក្នុងលក្ខខណៈដូចគ្នា។ ការប្រកួតនោះត្រូវតែជាចំណុចចាប់ផ្តើមសម្រាប់យើង។ យើងក៏ចង់បង្ហាញពីទម្រង់លេងដ៏ជាក់លាក់ជាងការប្រកួត៣លើកមុនផងដែរ (ឈ្នះតែ ១-០)»។

ក្រុម Roma ដែលមិនធ្លាប់បានឈានទៅប្រកួតវគ្គ ៨ក្រុមចុងក្រោយសោះចាប់តាំងពីឆ្នាំ២០០៧-២០០៨ នោះ បច្ចុប្បន្នកំពុងតែសម្លឹងរកការឡើងឈរពីលើក្រុមរបស់លោក Antonio Conte នៅលើកំពូលតារាងនៃពូល C។ ក្រុមឈ្នះនៃការប្រកួតនេះនៅកីឡដ្ឋាន Stadio Olimpico នឹងស្ថិតក្នុងទីតាំងដ៏រឹងមាំក្នុងការឈានទៅវគ្គ ១៦ក្រុមចុងក្រោយ។

ទាំងក្រុម Roma និង Chelsea សុទ្ធសឹងបានកម្តៅសាច់ដុំសម្រាប់ការប្រកួតនេះតាមរយៈការផ្តួលក្រុម Bologna និង Bournemouth ក្នុងលទ្ធផល ១-០ ដូចគ្នា ក្នុងការប្រកួតក្របខ័ណ្ឌលីករៀងៗខ្លួន កាលពីចុងសប្តាហ៍នេះ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង២:៤៥ទៀបភ្លឺ៕

កែសម្រួលដោយ៖ Usportkh
ប្រភព៖ Sport24