Real Madrid ដែលជាក្រុមម្ចាស់ការពារតំណែងជើងឯកក្របខ័ណ្ឌ Champions League នឹងត្រូវធ្វើដំណើរទៅជួបក្រុម Tottenham Hotspur នាកីឡដ្ឋាន Wembley នៅរាត្រីនេះ ខណៈដែលក្រុមទាំងពីរសុទ្ធសឹងសម្លឹងរកកៅអីទៅវគ្គ ១៦ក្រុមចុងក្រោយដូចគ្នា។ ស្របពេលជាមួយគ្នានេះ ក្រុម Manchester City និង Besiktas ក៏អាចនឹងកក់កៅអីរបស់ពួកគេទៅកាន់វគ្គបន្តផងដែរ។

ការដណ្តើមបានជ័យជម្នះសម្រាប់ក្រុម Spurs ឬ Real នឹងធ្វើឲ្យពួកគេឈ្នះកៅអីទៅកាន់វគ្គ ១៦ក្រុមចុងក្រោយ បើទោះបីក្រុម Tottenham មិនស្គាល់ឈ្នះសោះនៅពេលពេលប្រកួតជាមួយនឹងក្រុម Real ក្នុងចំណោមការជួបគ្នាទាំង ៥លើកកាលពីមុនរបស់ពួកគេក៏ដោយ។ លោក Mauricio Pochettino សង្ឃឹមថា តារាឆ្នើម Harry Kane នឹងរឹងមាំគ្រាប់គ្រាន់សម្រាប់ការធ្វើជាម្ចាស់ផ្ទះទួលក្រុមម្ចាស់ជើងឯកអឺរ៉ុបមួយនេះ នៅកីឡដ្ឋាន Wembley ក្រោយពីបានអវត្តមានក្នុងពេលក្រុមខ្លួនរងបរាជ័យ ១-០ នៅលើទឹកដីក្រុម Manchester United កាលពីថ្ងៃសៅរ៍។

ដោយឡែក Real ដែលកំពុងតែឈរលើកំពូលតារាងពីលើ Spurs ដោយមាន ៧ពិន្ទុដូចគ្នា ក្រោយពីការប្រកួត ៣លើកនោះ បានរងបរាជ័យដ៏មិននឹកស្មានដល់ក្នុងលទ្ធផល ២-១ លើទឹកដីក្រុម Girona កាលពីចុងសប្តាហ៍មុននេះ។ ស្របពេលជាមួយគ្នានេះ ក្រុម Napoli របស់លោក Maurizio Sarri បានបន្តកំណត់ត្រាមិនស្គាល់ចាញ់របស់ពួកគេក្នុងការប្រកួតក្របខ័ណ្ឌលីករបស់ខ្លួន តារយៈការផ្តួលក្រុម Sassuolo ៣-១ កាលពីចុងសប្តាហ៍មុន។

ប៉ុន្តែ Man City ក៏មិនចាញ់ក្រុម Napoli ដែរ ខណៈដែលពួកគេបានបាត់បង់ត្រឹមតែ២ពិន្ទុគត់ក្នុងការប្រកួតក្របខ័ណ្ឌ Premier League ហើយការបញ្ចប់ក្នុងលទ្ធផលស្មើនៅកីឡដ្ឋាន San Paolo នឹងធ្វើឲ្យក្រុមរបស់លោក Pep Guardiola ទៅវគ្គ១៦ក្រុមចុងក្រោយជាលើកទី៥ជាប់ៗគ្នា។ Man City បានការពារមិនឲ្យមានគ្រាប់បាល់ចូលទីរបស់ខ្លួនជាលើកទី៨ ក្នុងការប្រកួត ១២លើកចុងក្រោយរបស់ពួកគេ និងមិនស្គាល់ចាញ់សោះក្នុងចំណោមការប្រកួត ២១លើក បើគិតចាប់តាំងពីខែមេសា។ ការប្រកួតទាំងពីរគូនឹងចាប់ផ្តើមនៅម៉ោង២:៤៥ទៀបភ្លឺ៕

កែសម្រួលដោយ៖ Usportkh
ប្រភព៖ Channel News Asia