ខ្សែប្រយុទ្ធ Alvaro Morata បានប្រាប់ពីមូលហេតុដែលរូបគេជ្រើសយកក្រុមតោខៀវ Chelsea និងបដិសេធមិនចូលរួមជាមួយក្រុមបិសាចក្រហម Man.United ទោះបីជាក្រុមជើងឯកអង់គ្លេសបង្ហាញការចង់បានរូបគេជាច្រើនលើកច្រើនសារ មុនពេលសម្រេចកិច្ចព្រមព្រៀងនាំយកខ្សែប្រយុទ្ធ Lukaku ពី ក្រុម Everton មកនោះ។ Morata កីឡាករក្រុមជម្រើសជាតិអេស្បាញវ័យ 25ឆ្នាំរូបនេះបានផ្ទេរមកកីឡាដ្ឋាន Stamford Bridge ក្នុងតម្លៃ 70 លានផោនកាលពីដើមរដូវកាលនេះ។

ថ្លែងប្រាប់គេហទំព័រកីឡា Gazzetta dello Sport អតីតខ្សែប្រយុទ្ធក្រុមស្តេចស Real Madrid រូបនេះ បានអោយដឹងថា៖

1. មូលហេតុដែលខ្ញុំមកទីនេះគឺដោយសារតែគាត់ (គ្រូបង្វឹកលោក Antonio Conte ) ដែលធ្វើអោយខ្ញុំសម្រេចចិត្តមកលេងនៅទីនេះ គាត់បានជួយខ្ញុំជាច្រើន ខ្ញុំជំពាក់គុណគាត់ កំលុងពេលខ្ញុំលេងនៅJuventus ពេលគាត់ត្រូវការខ្ញុំហើយប្រាប់ខ្ញុំ ខ្ញុំមិនគិតពីរដងនោះទេ ។

2. បរិស្ថានជុំវិញពិសេសគឺមានឪកាសបានលេងជាមួយមិត្តរួមជាតិដូចជា Azplicueta, Alonso, Fabregas និង Pedro ដែលធ្វើអោយខ្ញុំមានភាពកក់ក្តៅ។

3. ហេតុផលទី3 គឺភរិយាខ្ញុំ Alice Campello គាត់រីករាយនិងមករស់នៅជាមួយខ្ញុំនៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស។

បច្ចុប្បន្ននេះ Morata បានត្រលប់មកជួយក្រុម Chelsea វិញហើយ ក្រោយខកខានប្រកួតមួយ ចំនួនអោយក្រុម Chelsea ដោយសាររបួសសរសៃពួរ។ បង្ហាញខ្លួនកន្លងមកបាន11ប្រកួតខ្សែប្រយុទ្ធរូបនេះ រកបាន7គ្រាប់ហើយសម្រាប់ក្រុមជើងឯកPremier League ។ប៉ុន្តែMorata មិនអាចជួយក្រុម ក្នុងជំនួប បរាជ័យ ចាញ់ក្រុមRoma ដោយលទ្ធផល3:0 កាលពីយប់មិញ ក្នុងការប្រកួតនៅ ក្របខណ្ឌ Champion League ។

កែសម្រួលដោយ៖ Usportkh
ប្រភព៖ teamtalk