ខ្សែបម្រើ ស៊ុះ ស៊ូហាណា បានក្លាយជាវីរបុរស ដែលបានជួយឲ្យក្រុមណាហ្គាវើល បានយកឈ្នះក្រុមភ្នំពេញក្រោន ២-១ ក្នុងការប្រកួតវគ្គជម្រុះជើងទី១ ដំណាក់កាលទី៥នៃពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១១ ឆ្នាំ២០១៧ កាលពីយប់ថ្ងៃពុធ ម្សិលមិញ គឺមុនពេលក្រុមភ្នំពេញក្រោន ប្រកាសពីការចែកផ្លូវគ្នាជាមួយគ្រូចាំទីលោក Dave Magurre។

សម្រាប់ការប្រកួត នៅពហុកីឡដ្ឋានជាតិនោះ សុះ ស៊ូហាណា បានរកគ្រាប់បាល់បើកឆាកឲ្យក្រុមណាហ្គាវើល នៅនាទីទី១៩ ប៉ុន្តែ ប្រាក់ ធីវ៉ា បានវាយបកជួយឲ្យក្រុមភ្នំពេញក្រោន តាមស្មើវិញ នៅនាទីទី៦៨។ យ៉ាងណាក៏ដោយ ការប្រកួតហៀបនឹងបញ្ចប់ទៅហើយនោះ គឺនៅនាទីទី៨៨ សុះ ស៊ូហាណា បានរកឃើញគ្រាប់បាល់ទី២របស់ខ្លួន ដើម្បីជួយឲ្យក្រុមណាហ្គាវើល ទទួលបានជ័យជម្នះ ក្នុងការប្រកួតជើងទី១នេះ។

ការយកឈ្នះ ២-១ លើក្រុមភ្នំពេញក្រោន នេះបានជួយឲ្យក្រុមណាហ្គាវើល មានភាគរយ ក្នុងការប្រកួតកាត់សេចក្តី ក្នុងការប្រកួតជើងទី២ ដើម្បីរកក្រុមមានប្រៀប ឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈការប្រកួត៣គូទៀត ដែលបានធ្វើ កាលពីទី២៥ ខែតុលា ក្រុមព្រះខ័នរាជស្វាយរៀង បានស្មើ ១-១ ជាមួយក្រុមក្រសួងការពារជាតិ ហើយក្រុមបឹងកេត ក៏បានស្មើ ២-២ ជាមួយក្រុមគិរីវង់សុខសែនជ័យដែរ ប៉ុន្តែក្រុមអគ្គិសនីកម្ពុជា បានយកឈ្នះក្រុមប៉ូលិស ១-០។

នៅក្រោយការចាញ់ក្រុមណាហ្គាវើល ២-១ ក្រុមភ្នំពេញក្រោន បានបង្ហោះព័ត៌មាន នៅលើផេចហ្វេសប៊ុករបស់ខ្លួន ពីការចែកផ្លូវជាមួយគ្រូចាំទីលោក Dave Magurre ដោយបានសរសេរថា៖«ក្លិបភ្នំពេញក្រោន សូមជូនពរដល់លោក Dave Magurre សូមទទួលបានជោគជ័យនៅក្នុងការបំពេញភារកិច្ច នាពេលអនាគតខាងមុខ ខណៈដែលលោកនឹងចាក់ចេញពីតួនាទី(គ្រូចាំទី)ក្នុងក្លិបបាល់ទាត់ភ្នំពេញក្រោន ហើយ»៕