ក្រុម​ធំ វិសាខា បានបន្ត​យក​​ឈ្នះ​លើ​ក្រុមខេត្ត​ត្បូងឃ្មុំ សម្រាប់​ការ​ប្រកួតបញ្ចប់​ជម្រុះ​វគ្គ​១៦​ក្រុមចុង​ក្រោយ ​​នៃ​ពាន​រង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០២០ របស់​ខ្លួន កាល​ពី​ថ្ងៃពុធ ចំណែក​ក្រុម​យុវជន​វិសាខា ដែល​លេង​តំណាង​ឲ្យ​ខេត្ត​ព្រៃវែង នឹងត្រូវ​ប្រឈម​ជាមួយ​​ម្ចាស់​ផ្ទះ កងយោធពល​ខេមរភូមិន្ទ (ទ័ព) នៅ​កីឡដ្ឋាន​ស្តាតចាស់ នា​ល្ងាច​ម៉ោង​៦ ថ្ងៃ​ព្រហស្បិ៍នេះ។

សម្រាប់​ការ​ប្រកួត នៅ​ទី​លាន​វិទ្យាល័យ​ព្រះសីហនុ​​ខេត្តកំពង់​ចាម កាល​ពី​ម្សិល​មិញ​នោះ ក្រុមវិសាខា បានវាយ​បក​​យក​ឈ្នះ​ក្រុមខេត្តត្បូងឃ្មុំ ត្រឹម​ ៤-១ ដោយ​ក្នុង​នោះ​កីឡាករ​ពាក់​លេខ​៩៩ ប៊ុនធឿន ប៊ុនណារ៉ុង រក​បាន​៣​គ្រាប់​តែ​ម្នាក់​ឯង នៅនាទីទី​៣០ ព្រម​ទាំង​នាទីទី​៦៩ និង​ទី​៨៥ ដែល​ជា​ការ​ស៊ុត​បាល់ពិន័យ​១១ម៉ែត្រ​ បាន​សម្រេច ខណៈ​១​គ្រាប់​ទៀត​រក​បាន​ដោយ ទិត ឌីណា នៅនាទីទី​៨៣ ចំណែក​គ្រាប់​បាល់​នាំ​មុខ​របស់​ក្រុមខេត្ត​ត្បូង​ឃ្មុំ ធ្វើ​បាន​សម្រេច​ដោយ​​កីឡាករ យូ សុះហ្វា នៅនាទីទី​១០។

ការ​ឈ្នះ​ត្រឹម ៤-១ គឺ​វា​មាន​កម្លាត​ឆ្ងាយ​ពី​ជ័យជម្នះ ដែល​ក្រុម​វិសាខា ធ្វើ​បាន នៅ​ក្នុងការ​ប្រកួត​ក្នុង​ទឹក​ដី ដោយ​ពួក​គេ​បានលត់​ខេត្ត​ត្បូង​ឃ្មុំ ៩-០។ យ៉ាង​ណា​ក៏​ដោយ សម្រាប់​ការ​ប្រកួត​នៅ​ក្រៅ​ទឹក​ដី​នេះ វិសាខា បាន​ដាក់​កីឡាករ ស្ថិត​ក្នុង​ជម្រើស​ទី​២​ឲ្យលេង​ភាគ​ច្រើន ខណៈខ្សែ​ប្រយុទ្ធ​ជួរ​មុខ កែវ សុខផេង, រ៉ឹង ប៊ុនហៀង ព្រម​ទាំង​ ស៊ិន កក្កដា និង  ស៊ិន សុផាណាត់ ដែល​ធ្លាប់​រក​បាន​៣​គ្រាប់​ដូច​គ្នា នា​ការ​ប្រកួត​នៅ​ក្នុងទឹក​ដី សុទ្ធតែ​មិន​ត្រូវ​បាន​ដាក់​ឲ្យ​លេង នៅ​ក្នុងជម្រើស​១១នាក់​ដំបូង​នោះ។

ការ​ទុកកីឡាករ​ល្អៗ ឲ្យ​ស្ថិត​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បម្រុង​ ពេល​ប្រកួត​ជាមួយ​​ក្រុម​ខេត្ត​ត្បូងឃ្មុំ នេះ គឺ​ ​វិសាខា ខ្លាច​កីឡាករ​ល្អៗ​របស់​ខ្លួន មាន​បញ្ហា​របួស ហេតុ​នេះ​ទើប​ក្លិប​មួយនេះ ឲ្យអ្នក​ទាំង​នោះ បាន​សម្រាក​រក្សា​កម្លាំងឲ្យ​បាន​ពេញ​លេញ ដើម្បី​ត្រៀម​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ ជើង​ទី​១ ជាមួយ​ក្រុម​ម្ចាស់​ជើង​ឯក បឹងកេត នៅ​កីឡដ្ឋាន​ខេមបូឌាអ៊ែរវ៉េ នា​រសៀល​ម៉ោង ៣:៣០ ថ្ងៃអាទិត្យ។

ដោយ​ឡែក​ក្រុម​យុវជន​វិសាខា ដែល​លេង​តំណាង​ឲ្យខេត្ត​ព្រៃវែង និង​ត្រូវ​ធ្វើ​ការ​ប្រកួត​ជើង​ទី​១ វគ្គ​៨​ក្រុម​ចុង​ក្រោយ​ ជាមួយ​ក្រុម​ទ័ព នៅ​ល្ងាច​ម៉ោង​៦ ថ្ងៃ​ព្រហ្បតិ៍​នេះ ហើយវា​ក៏ជា​ពេល​ដែល ក្រុម​យុវជន​មួយនេះ ត្រូវ​ប្រឈម​ការ​ប្រកួត​ដ៏​តាន​តឹង ជាមួយ​ក្រុម​មានមូល​ដ្ឋាន​រឹង​មាំ នៅ​ស្តាតចាស់​ផងដែរ។

សម្រាប់ការ​ប្រកួត​វគ្គ​ជម្រុះ​១៦​ក្រុម កន្លង​មក​នេះ ក្រុមទ័ព បាន​លត់​ក្រុម​ខេត្តកែប ជាមួយ​ការ​ឈ្នះគ្រាប់បាល់​សរុប​​ទាំង២​ជើង ១៤-៣ ប៉ុន្តែ​ការ​ទម្លាក់​ក្រុមអង្គរថាយហ្គឺរ ជាមួយ​ការ​ឈ្នះ ៣-២ ក្នុង​ជើង​ទី​១ និង​ស្មើគ្នា ២-២ ក្នុង​ជើង​ទី​២នោះ អាច​បង្ហាញ​ឲ្យ​ឃើញ​ថា ក្រុម​យុវជន​វិសាខា អាច​ប្រកួតប្រជែងជាមួយ​ក្រុមទ័ព យ៉ាង​តានតឹង​បាន ព្រោះ​ពួក​គេ មិន​ត្រឹម​តែ​មានសមត្ថ​ភាពលេង​​ នៅលើទី​លានប៉ុណ្ណោះ​​ទេ ប៉ុន្តែ​ថែម​ទាំង​មានការ​យល់​ចិត្ត​គ្នា និង​លេង​បាន​​ស៊ីចង្វាក់​គ្នាទៀត​ផង៕ ​