សមាគម​កីឡា​បាល់​ទាត់មន្ទីរអយក​ខេត្តត្បូង​ឃ្មុំ បាន​ចេញ​លិខិតអំពាវនាវ​មួយ ដើម្បី​សុំ​ឱ្យ​ថ្នាក់ដឹកនាំ រួមទាំង​អ្នក​មាន​មុខ​មាត់ និងទ្រពសម្បត្តិ នៅ​ក្នុង​ខេត្ត​របស់ខ្លួន មេត្តា​ចូល​រួម​ជួយ​ឧបត្ថម្ភ​ដល់​ក្រុម​របស់​ខ្លួន ដើម្បី​អាច​មាន​លទ្ធភាពឈាន​ទៅ​ដណ្តើម​បាន​លទ្ធផល​ល្អ ពេល​ប្រកួត​​​ផ្តាច់​ព្រ័ត្រ ដណ្តើម​ពាន​រង្វាន់​សម្តេចហ៊ុនសែន (ថ្នាក់ខេត្ត) ឆ្នាំ​២០២១ ជាមួយក្រុម​កោះកុង​អេហ្វស៊ី នៅកីឡដ្ឋាន​ខេមបូឌាអ៊ែរវ៉េ នា​រសៀល​ម៉ោង៣ ថ្ងៃសៅរ៍នេះ។

យោង​តាម​លិខិត​អំពាវនាវ​របស់មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​ត្បូងឃ្មុំ គឺ​បានស្នើ​សុំ​ដល់​ថ្នាក់​ដឹកនាំ​គ្រប់​ស្រទាប់ជាន់ថ្នាក់ រួមទាំង​ក្រុមហ៊ុន និងស្ថាប័ន​ផ្សេងៗ ឱ្យ​ចូល​រួម​ជួយឧបត្ថម្ភ​ទាំង​ថិវកា ឬ​សម្ភារ ដល់​ក្រុម​ខេត្តត្បូឃ្មុំ ដើម្បី​ជួយ​ជ្រោម​ជ្រែងលើការ​ស្នាក់នៅ ហូបចុក បាន​ល្អ និង​អាច​មានប្រាក់ យក​ទៅផ្តល់ជូនគ្រូ​បង្វឹក និងក្រុមកីឡាករ ត្រៀម​ការ​ប្រកួយត​ដណ្តើម​​យក​ពាន​នេះ ហើយ​ក៏​សូម​ឱ្យ​អ្នក​នៅ​ខេត្តត្បូងឃ្មុំ ចូល​រួម​ទស្សនា​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ​នេះ តាម​រយៈ​ការ​​ផ្សាយ​ផ្ទាល់ នៅលើ​កញ្ចក់ទូរទស្សន BTV ផង​ដែរ។

ផ្ទុយពីនេះ គ្រូ​បង្វឹក​ក្រុម​កោះកុងអេហ្វស៊ី លោក ហុក សុជីវ័ន បានបង្ហាញ​ពី​ការបារម្ភ ទៅ​លើ​ហានិភ័យ​នៃជំងឺ​កូវីដ​១៩ ដែលអាច​នឹង​ឆ្លង នៅ​ក្នុងការ​ប្រកួត​ផ្តាច់ព្រ័ត្រ​នេះ បើ​សិនជា​ក្រុមណា​មួយ ព្យាយាម​លាក់បាំងករណី​នេះ ដើម្បីឱ្យ​កីឡាករ​របស់​ខ្លួន បាន​ចូល​លេង ដោយ​ផ្តោត​ខ្លាំង​តែ​ទៅ​លើការ​ដណ្តើម​ពាន ហើយ​មិន​បានគិតគូរ ដោយ​បញ្ហា​សុខភាព និងអាយុជីវិត​របស់អ្នកពាក់ព័ន្ធ​នោះ។

ជុំវិញ​បញ្ហា​នេះ លោក ហុក សុជីវ័ន បានសរសេរ​បង្ហោះ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖​«ដំណាក់​កាល​នេះ ពាន​ឣ្នក​ណា​ក៏​ចង់​បាន​ដែរ តែ​សុខ​ភាព​សំខាន់​ជាង​ពាន​ទៅ​ទៀត ព្រោះ​អា១៩ (ជំងឺកូវីដ​១៩) អាច​ងាយ​សម្លាប់​មនុស្ស​បាន។ ខ្ញុំ​សំណូម​ពរ​តែ​ម្យ៉ាង​ទេ បើ​កីឡាករ​មាន​កូវីដ កុំ​ព្យាយាម​លាក់ ដើម្បី​បាន​លេង ព្រោះ​ពេល​ខ្លះ​ការ​ចំលង គ្រាន់តែ​មិន​ទាន់​ចេញ​រោគ​សញ្ញា​តែ​ប៉ុណ្ណោះ ព្រោះ​វា​ផ្តល់​ផល​ប៉ះ​ពាល់​ដល់​ឣ្នក​ដទៃ​ខ្លាំង​ណាស់»។

អតីតគ្រូ​បង្គោល​ក្រុម​វិសាខា លោក សុជីវ័ន បាន​បន្ថែម​ថា៖​ «មាន​១ វា​អាច​ចៃដន្យ តែ​បើ​ឡើង​៨ ទៅ​១០​នាក់ហើយ ​មិន​មែន​ចៃដន្យ​ទេ ហើយ​ការ​ព្យាបាល​អាច​ប្រើ​រយៈ​ពេល​៣ ឬ៤ ឬ ៥ថ្ងៃ តេស្ត​ក៏​បាត់​វិញ តែ​ត្រូវ​តែ​ចត្តាឡី​ស័ក ឱ្យ​បាន​គ្រប់​ចំនួន។ ៣​ការពារ ៣​កុំ ធ្វើ​ជា​មនុស្ស ត្រូវ​មាន​គុណធម៌»។

យ៉ាង​ណា​ក៏​ដោយ គិតមក​ដល់ពេលនេះ គណៈកម្មការ​រៀបចំ​ការ​ប្រកួត នៅ​មិនទាន់បាន​ចេញ​សេចក្តី​ប្រកាស​ណាមួយ ព័ន្ធពាក់នឹង​ករណី​កូវីដ​១៩ ដែល​កើត​មាន​ឡើង ចំពោះ​ក្រុមទាំង​២​នេះ នៅ​ឡើយ​ទេ ប៉ុន្តែ​កាល​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រកន្លងមកនេះ គណៈកម្មការ បាន​ប្រកាស​លុប​ចោលការ​ប្រកួត​រវាងក្រុម​ខេត្តត្បូងឃ្មុំ និងក្រុម​ខេត្តបាត់ដំបង ភ្លាមៗ ក្រោយ​ធ្វើ​សេត្ត​រក​ឃើញ​ថា កីឡាករ​របស់​ខេត្ត​បាត់ដំបង បានវិជ្ជមានជំងឺ​កូវីដ ដល់​ទៅ​២​លើក​នោះ។

ការ​រកឃើញ​ករណីឆ្លងជំងឺកូវីដ​នោះ គណៈកម្មការ បាន​សម្រេច​ឱ្យ​ក្រុម​ខេត្តត្បូងឃ្មុំ ទទួល​​បាន​ជ័យជម្នះ លើ​ក្រុម​ខេត្តបាត់ដំបង ដោយស្វ័យ​ប្រវត្តិ តាម​ច្បាប់ ដែលបានកំណត់ ប៉ុន្តែ​ក្រុម​កោះកុង​អេហ្វស៊ី បាន​​យក​ឈ្នះក្រុម​ខេត្ត​បន្ទាយមានជ័យ ១-០ ទាំង​លំបាក ដើម្បី​ឡើង​មក​កាន់ ​​ការ​ប្រកួត​​វគ្គ​ផ្តាច់ព្រ័ត្រ នៅពេល​នេះ៕