ក្រុមសូលទីឡូអង្គរ ហាក់​បាន​ដឹង​រួច​ទៅ​ហើយ​ថា ពួក​គេ​មិន​អាច​នឹង​ប្រជែង​យក​ឈ្នះ​លើ​ក្រុម​ព្រះ​ខ័ន​រាជស្វាយរៀង បាន​នោះ​ទេ សម្រាប់​ការ​ជួបគ្នា ក្នុងការ​ប្រកួត​ថ្នាក់​ជាតិវគ្គ​ជម្រុះ​១៦​ក្រុម នៃ​ពាន​រង្វាន់​សម្តេចហ៊ុនសែន លើក​ទី​១៤ ឆ្នាំ​២០២០ ខណៈ​ការ​ជួប​គ្នា​ជើង​ទី​១ នៅល្ងាច​ម៉ោង​៦​ថ្ងៃ​នេះ សូលទីឡូអង្គរ ក៏​កំពុង​ជួប​បញ្ហា​រឿង​​កីឡាករ​របួស​ច្រើន​នាក់ ផងដែរ។

លោក ជា ម៉េងលី អ្នក​ចាត់ការទូទៅ​ក្រុម​សូលទីឡូអង្គរ បាន​និយាយ​ថា៖​«យើង​អាច​មាន​ការ​លំបាក ចំពោះ​ការ​ប្រកួតនេះ ព្រោះ​កីឡាករ​ជម្រើស​១១នាក់ដំបូង​របស់​យើង របួស​៣ទៅ​៤នាក់ ហើយ​យើង​ក៏បានដាក់កីឡាករ​ក្មេងៗ​ឲ្យ​ចូល​លេង​ច្រើនផងដែរ ខណៈ​ស្វាយរៀង ជា​ក្រុម​ខ្លាំង»។

លោក​​បាន​បន្ថែម​ថា៖ ​«ឱកាស​របស់យើង​គឺ ៥០/៥០ ព្រោះ​ក្មេង​របស់​យើង​ហ៊ាន​លេង​ដែរ ហើយ​គោលដៅ​របស់​យើង គឺ​ផ្តល់ឱកាស​ឲ្យក្មេងៗ​របស់​យើង​មកពី U18 បានលេង តែ​យើង​ព្យាយាម ធ្វើ​ម៉េច​​ការពារ​កុំ​ឲ្យ​គេស៊ុតបញ្ចូលទីច្រើន​គ្រាប់។ យើងតែងចង់បាន​លទ្ធផល​ល្អ ប៉ុន្តែ​ធ្វើ​ម៉េច​យើងចាប់​ឆ្នោតប៉ះ​ក្រុមខ្លាំង ដែល​យើង​ពិបាក​រំពឹង​ថា នឹងបាន​ឆ្លង​ទៅ​វគ្គ​បន្ត​ទៀត»។

ចំណែក​ក្រុម​ព្រះ​ខ័នរាជស្វាយរៀង ដែល​ធ្លាប់​ឈ្នះពាននេះរហូត​ដល់​៤​លើក រួមទាំងការ​ឈ្នះ​តំណែង​ជើង​ឯក​រងបាន​​៣​លើកទៀត​​នោះ បាន​មើល​ឃើញ​ថា ​ពួក​គេមាន​ប្រៀប​ជាង​ក្រុមសូលទីឡូអង្គរ ក្នុង​ការ​ទទួល​បាន​ជ័យជម្នះ ក្នុងការ​ប្រកួតនេះ។

លោក ជូ សារឿន គ្រូ​ជំនួយ​ក្រុម​ស្វាយរៀង បាន​ប្រាប់​ថា៖​ «ការ​ជួបក្រុមសូលទីឡូអង្គរ នៅ​ក្នុង​វគ្គ១៦​ក្រុម​​នេះ ខ្ញុំ​គិត​ថា វា​មិនជា​តាន​តឹង​នោះ​ទេ ដោយសារ​​កីឡាករ​ក្នុងស្រុក​របស់​គាត់ មាន​កម្រិតលេង​មិនជា​ល្អ​ប៉ុន្មានទេ ដែល​ភាគច្រើនជា​ក្មេង​របស់ខេត្ត​សៀម​រាប»។

លោក​បាន​ធ្វើ​ការ​ប្រៀប​ធៀប​យ៉ាង​ដូច្នេះ​ថា៖​«​កីឡាករ​​របស់​យើង ​មាន​បទពិសោធ​លេង​​យូរ​ឆ្នាំ​មកហើយ​ អ៊ីចឹងយើង​ខ្លាំង​ជាងក្រុមសូលទីឡូអង្គរ ប៉ុន្តែ​យើងក៏បាន​បញ្ចូល​កីឡាករ​​វ័យក្មេងមកពី​ក្រុម U19 មួយ​ចំនួន​ផងដែរ ចំណែក​ការ​រៀបចំ​លេង អាច​ប្រែ​ប្រួល ទៅ​តាម​ស្ថាន​ភាព​ជាក់ស្តែង ព្រោះមិនទាន់​ដឹង​ថា ការ​ប្រកួត​នេះ នឹង​អាច​រំខាន​ដល់ការ​ភ្លៀង​ឬ​យ៉ាងណា​នោះ​ទេ»។

ដោយ​ឡែក ​ក្រុម​បឹងកេត នឹង​ត្រូវ​ជួបក្រុមម្ចាស់​ផ្ទះ ​ខេត្ត​សៀម​រាប នៅ​កីឡដ្ឋាន​ខេត្តសៀម​រាប នា​រសៀល​ម៉ោង​៣:៣០ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះដែរ ហើយ​នៅ​ក្នុងជំនួបជើង​ទី​១នេះ បឹង​កេត ត្រូវបាន​គេ​មើល​ឃើញ​ថា នឹង​ទទួល​បាន​ជ័យជម្នះ ដោយ​សារ​មាន​កម្រិត​លេង​​ខ្ពស់​ជាង ហើយ​បឹងកេត ក៏​មាន​មហិច្ឆតា​ខ្ពស់ ក្នុងការ​ឈ្នះ ដើម្បី​បន្ត​ទៅរក្សា​តំណែង​ជើង​ឯក​របស់​ពួក​គេ​ផងដែរ។

ចំណែក​ការ​​ប្រកួត​ជើង​ទី​១ រវាងក្រុមម្ចាស់​ផ្ទះ ខេត្តត្បូង​ឃ្មុំ និង​ក្រុម​ខ្លាំង វិសាខា ដែល​គ្រោង​ធ្វើ​នៅរសៀល​ថ្ងៃ​នេះ​ដែរ ត្រូវបាន​ពន្យារ​ពេល​ហើយ ដោយសារ​ទីលាន​វិទ្យា​ល័យ​ប៊ុនរ៉ានី​ហ៊ុនសែន​មេមត់ ថ្មីៗនេះ មាន​ស្ថាន​ភាព​គុណ​ភាព​មិន​ល្អ​ដូច​ជា ផ្ទៃ​​មិន​រាប​ស្មើ ខ្វះស្មៅ និង​ខូង មិន​គ្រប់​លក្ខខណ្ឌ​បច្ចេកទេស ដែល​អាច​នឹង​រៀបចំ​ឲ្យ​ក្រុមទាំង​២ អាច​​ប្រកួតគ្នា​បាន៕