មន្រ្តី​​គណៈកម្មការ​ប្រកួត​បាល់​ទាត់​កម្ពុជា (CNCC) បាន​ឱ្យ​ដឹង​ថា ការ​​ប្រកួត​ថ្នាក់​ខេត្ត​ពាន​រង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០២១ ដែល​បាន​ផ្អាក​ការ​ប្រកួត ដោយសារការ​រីក​រាល​​នៃ​​ជំងឺ​កូវីដ​១៩ តាំង​ពី​ដើម​ខែ​មេសា មក​នោះ នឹង​ត្រូវចាប់​ដំណើរ​ការ​ប្រកួតឡើង​​វិញ នៅ​​ថ្ងៃទី​៣ ​ខែ​សីហា ខាង​មុខ​នេះ។

យ៉ាង​ណា​ក៏​ដោយ ​សម្រាប់​ការ​ប្រកួត​ឡើង​វិញ​នេះ គឺ​មាន​តែ​ក្រុមចំនួន​១០​ប៉ុណ្ណោះ ដែល​បាន​ស្ម័គ្រ​ចិត្ត​ចូល​រួម​​បន្ត ចំណែក​ក្រុមចំនួន​១១​ទៀត បាន​សម្រេច​ចិត្ត​បង់​ចោល​ការ​ប្រកួតតែ​ម្តង ដោយ​សារ​ស្ថាន​ភាព​ការ​រីករាលជំងឺ​កូវីដ ​នៅ​តាម​តំបន់​របស់ក្រុមទាំង​នោះ នៅតែ​ជា​ហានិភ័យ​ខ្ពស់ មិនអាច​នឹង​រៀបចំ​ការ​ប្រកួត​បាន។

​          តាម​មន្រ្តី​របស់ CNCC បាន​បញ្ជាក់ថា ​ក្រុមទាំង​១០ ដែល​បាន​សម្រេច​ចិត្ត​​បន្តការ​​ប្រកួត​ថ្នាក់​ខេត្ត​ពាន​រង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០២១​នេះ រួម​មាន សៀមរាបអេហ្វស៊ី កោះកុង ភ្នំពេញហ្គាឡាក់ស៊ី កំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ កណ្ដាល កំពត និងក្រុម​ខេត្ត​ត្បូងឃ្មុំ ចំណែក​ក្រុម​ចំនួន​២១​ទៀត បាន​សម្រេច​ចិត្តបោះ​បង់ការ​ប្រកួតតែ​ម្តង បើ​ទោះបីជា​ការ​ប្រកួត​ជម្រុះ​តាមពូល​ទាំង​៦ សរុប​មាន​​២១​ក្រុម បាន​ដំណើរ​ជិត​ចប់​ទៅ​ហើយ​ក៏​ដោយ។

​តាម​រយៈ​ការ​បោះបង់​ចោល​ការ​ប្រកួត​របស់​ក្រុមទាំង​ ១១ នេះ CNCC និង​តំណាង​ក្រុមទាំង​១០ ដែល​បាន​ចូល​រួម បាន​សម្រេច​កែ​ប្រែ​រួម​មន្ត​ប្រកួត នៅក្នុងកិច្ច​ប្រជុំ​តាម​អនឡាញ កាល​ពី​ម្សិល​មិញ ដោយ​ក្នុង​នោះ CNCC បាន​សម្រេច​កំណត់​យក​ក្រុម​ឈរ​នៅ​លេខ​១ និង​ក្រុម​មាន​តែ​មួយ នៅ​ក្នុងពូល (ក្រុម​ផ្សេង​បោះបង់) ឡើង​ទៅ​កាន់ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយតែ​ម្តង។

ចំណែក​ក្រុម​លេខ​២ នៅ​តាមពូល ដែល​មាន​ត្រឹម​៤​ក្រុម​នោះ ត្រូវ​ប្រកួត​ខ្វែង ហើយ​ក្រុម​ឈ្នះ​ចំនួន​២ ​ត្រូវ​ឡើង​ទៅ​ប្រកួត​នៅវគ្គ​៨​ក្រុម​ដែរ ហើយ​នៅ​ក្នុង​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ​នេះ ត្រូវ​ប្រកួត​ជម្រុះ​ចាញ់ធ្លាក់ៗ រហូត​រក​ឃើញ​ក្រុមខ្លាំង​ទាំង​២ ឡើង​ទៅ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​សៅរ៍ ទី​២១ ខែសីហា។

យ៉ាង​ណា​ក៏​ដោយ  សម្រាប់​ការ​ប្រកួតសាជាថ្មី​​នៃ​ពាន​រង្វាន់​សម្តេចហ៊ុនសែន (ថ្នាក់​ខេត្ត) នេះ​ នឹង​ប្រព្រឹត្ត​ទៅ​ដោយ​គោរព​តាម​វិធាន​របស់​​គណៈ​កម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា ដែល​តម្រូវ​ឱ្យ​មាន​ការ​តេស្ដរហ័ស (Rapid Test) រាល់​មុន​ការ​ប្រកួត និងក្រុម​ប្រតិ​បត្តិ​​របស់​គណៈកម្មការ​ផង​ដែរ៕