ខ្សែប្រយុទ្ធរកបានគ្រាប់បាល់ច្រើនជាងគេ Sergio Aguero របស់ក្រុម Manchester City បានបង្កើតឲ្យមានការចាប់អារម្មណ៍ម្តងទៀត ខណៈដែលគ្រាប់បាល់ប៉េណាល់ទីក្នុងតង់ទី២របស់គេ បានជួយឲ្យក្រុមកំពុងនាំមុខលើតារាងក្របខ័ណ្ឌ Premier League លត់ក្រុម Arsenal យ៉ាងចាស់ដៃក្នុងលទ្ធផល ៣-១ កាលពីថ្ងៃអាទិត្យ ដើម្បីរក្សាកំណត់ត្រាមិនស្គាល់ចាញ់របស់ពួកគេនៅរដូវកាលនេះ។

Aguero បានស៊ុតបាល់ប៉ះបង្គោលទីចូលទីយ៉ាងល្អ ក្រោយពីកីឡាករ Nacho Monreal ត្រូវបានកាត់សេចក្តីថា បានធ្វើឲ្យខ្សែបម្រើប្រយុទ្ធ Raheem Sterling ដួលក្នុងប្រអប់គ្រោះថ្នាក់ក្រោមការប្រជែងដណ្តើមបាល់នៅនាទី ទី៤៩ នាកីឡដ្ឋាន Etihad។ ក្រោយពីខ្សែបម្រើឆ្នើម Kevin De Bruyne បានជួយឲ្យក្រុមរបស់លោក Pep Guardiola មានគ្រាប់បាល់នាំមុខនៅតង់ទី១ វាហាក់បានបង្ហាញថា គ្រាប់បាល់របស់ Aguero គ្រប់គ្រាន់ក្នុងការជួយឲ្យក្រុម Man City កត់ត្រាជ័យជម្នះក្នុងការប្រកួតលីក ៩លើកជាប់ៗគ្នា។

ប៉ុន្តែ ក្រុមម្ចាស់ផ្ទះបានរងនូវការដាក់សម្ពាធ នៅជិតបញ្ចប់ការប្រកួត ក្រោយពីខ្សែប្រយុទ្ធ Alexandre Lacazette របស់ក្រុម Arsenal វាយបកបាន ១គ្រាប់វិញនៅនាទីទី៦៥ តាមរយៈការស៊ុតបាល់បញ្ចូលទីយ៉ាងល្អ ក្រោមការបញ្ជូនបាល់ចុះឡើងយ៉ាងល្អពីសំណាក់ខ្សែបម្រើ Alex Iwobi និង Aaron Ramsey។

Man City បានជួបភាពកក់ក្តៅវិញ ក្រោយពីខ្សែបម្រើអន្តរជាតិអេស្ប៉ាញ David Silva បានបញ្ជូនបាល់ឲ្យខ្សែប្រយុទ្ធ Gabriel Jesus ដើម្បីបំពេញជ័យជម្នះរបស់ក្រុមខ្លួននៅនាទី ទី៧៤។ លោក Guardiola បានបញ្ជាក់ថា៖ «យើងមិនអាចបដិសេធបានឡើយថា រយៈពេល ២ខែចុងក្រោយនេះ ពិតជាអស្ចារ្យណាស់។ យើងបានដឹងពីសារសំខាន់នៃការប្រកួតនេះ ហើយយើងនឹងបានត្រៀមលក្ខណៈយ៉ាងល្អ។ កីឡាករទាំងអស់បានបង្ហាញពីទម្រង់លេងយ៉ាងអស្ចារ្យ»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia