ក្រុម Real Madrid បានលុបចោលការរិះគន់ផ្សេងៗ ក្រោយពីការរងបរាជ័យជាបន្តបន្ទាប់ ខណៈដែលខ្សែបម្រើ Marco Asensio បានបង្ហាញពីទម្រង់លេងយ៉ាងល្អ ក្នុងពេលក្រុមខ្លួនទទួលជ័យជម្នះក្នុងលទ្ធផល ៣-០ លើក្រុម Las Palmas នាកីឡដ្ឋាន Santiago Bernabeu កាលពីថ្ងៃអាទិត្យ។
ការទទួលជ័យជម្នះនេះ បានកាត់បន្ថយពិន្ទុដេញតាមពីក្រោយក្រុម Barcelona របស់ក្រុម Real មកនៅត្រឹម ៨ពិន្ទុនៅលើកំពូលតារាងនៃក្របខ័ណ្ឌ La Liga។ ប៉ុន្តែ ទោះបីជាយ៉ាងណា វាបានក្លាយជារាត្រីដ៏ខកចិត្តមួយផ្សេងទៀតសម្រាប់ខ្សែប្រយុទ្ធរបស់ Real Madrid ខណៈដែល Cristiano Ronaldo និង Karim Benzema សុទ្ធសឹងមិនអាចរកបានគ្រាប់បាល់បញ្ចូលទីដូចគ្នា ស្របពេលដែលខ្សែបម្រើ Casemiro, Isco និង Asensio វ័យ២១ឆ្នាំ បានបង្ហាញពីទម្រង់លេងយ៉ាងល្អ។
ទាក់ទងនឹងការមិនអាចរកបានគ្រាប់បាល់របស់ Ronaldo និង Benzema លោក Zinedine Zidane គ្រូបង្វឹករបស់ Real Madrid បានឲ្យដឹងថា៖ «ពួកគេគឺជាមនុស្សដំបូងគេដែលមិនមានការរីករាយ។ រឿងដ៏សំខាន់បំផុតនោះគឺការងារដែលពួកគេធ្វើ និងឱកាសដែលយើងបង្កើត។ នៅថ្ងៃនេះ Isco, Asensio និង Casemiro រកបានគ្រាប់បាល់បញ្ចូលទី ហើយក្នុងពេលឆាប់ៗខាងមុខ Cristiano និង Karim នឹងរកបានគ្រាប់បាល់ដូចគ្នា។ យើងត្រូវតែត្រជាក់ចិត្ត»។
Benzema បានរងនូវការរិះគន់យ៉ាងខ្លាំងក្លា សម្រាប់ការធ្លាក់ទម្រង់លេងរបស់គេ ក្នុងពេលក្រុម Real ចាញ់ក្រុម Girona កាលពីចុងសប្តាហ៍មុន និងចាញ់នៅលើទឹកដីក្រុម Tottenham Hotspur ក្នុងការប្រកួតក្របខ័ណ្ឌ Champions League កាលពីថ្ងៃពុធ៕
វីឌីអូហាយឡាយរវាងការប្រកួត Real Madrid ជាមួយ Las Palmas ៖
កែសម្រួលដោយ៖ Usportkh
ប្រភព៖ Channel News Asia