បរទេស៖ គ្រាប់បាល់​ស៊ុត​បញ្ចូល​ទី​យ៉ាងល្អ​ពី Pedri បាន​​ក្លាយ​ជា​គ្រាប់បាល់​កាត់​សេចក្តី​សម្រាប់ក្រុម Barcelona កាលពីថ្ងៃ​អាទិត្យ ខណៈ​ដែលការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធផល ១-០ លើ​ក្រុម Sevilla បាន​ជួយ​ឲ្យ​ក្រុម​របស់​លោក Xavi Hernandez ឡើង​ឈរ​លេខ​២ លើ​​តារាង​នៃក្រប​ខ័ណ្ឌ La Liga ជាលើក​ទី​១ នៅ​រដូវកាលនេះ​។

Barca បាន​ខ្ជះ​ខ្ជាយ​ឱកាស​ជាច្រើន ក្នុងពេល​ប្រកួត​ជាមួយ​នឹងក្រុម Sevilla នា​កីឡដ្ឋាន Camp Nou នៅ​មុន​ពេល​កីឡាករ​វ័យ​១៩​ឆ្នាំ Pedri បាន​​កាត់​សេចក្តីក្នុងការ​ប្រកួត​នេះ ជាមួយ​នឹង​គ្រាប់បាល់​ដ៏អស្ចារ្យ​ ក្រោយពី​បាន​អូស​បាល់​ទៅ​​ជ្រុង​ម្ខាង មុន​នឹង​ស៊ុត​បាល់បញ្ចូល​ទី​យ៉ាងល្អ​។

ជ័យ​ជម្នះ​នេះ ជួយ​ឲ្យ​ Barcelona រក្សា​ការ​​វិល​ទៅ​រកភាព​ខ្លាំង​វិញ ខណៈ​ដែល​ពួកគេ​​បាន​វិល​ត្រឡប់​ពី​ការយកឈ្នះ​លើ​ក្រុម Real Madrid យ៉ាង​កក់ក្តៅ​ក្នុង​លទ្ធ​ផល ៤-០ នៅ​មុន​ពេល​សម្រាក​សម្រាប់​ការ​ប្រកួត​អន្តរ​ជាតិ តាមរយៈ​ការ​យកឈ្នះ​លើ​ក្រុមមួយ​ ដែល​បានក្លាយ​ជា​គូ​ប្រជែង​របស់ក្រុម Real Madrid យ៉ាង​ប្រកៀក​ប្រកិត​នៅ​រដូវកាលនេះ​។ Real Madrid បានយកឈ្នះ​លើ​ក្រុម Celta Vigo កាលពីថ្ងៃ​សៅរ៍ ដើម្បី​ស្តារ​មុខ​មាត់​របស់ពួកគេ​ពី​ការ​ខកចិត្តក្នុងការ​ប្រកួត Clasico និង​រក្សា​ការ​នាំ​មុខ​លើ​កំពូល​តារាង​ចំនួន​១២ពិន្ទុ​៕

ប្រភព​ព័ត៌មាន៖ Channel News Asia