បរទេស៖ លោក Xavi Hernandez បាន​បញ្ជាក់​ថា ការ​យកឈ្នះ​ក្នុងលទ្ធផល ៤-០ របស់ក្រុម Barcelona លើ​ក្រុម Real Madrid អាច​នឹងក្លាយ​ជា​ចំណុច​ផ្លាស់ប្តូរ​សម្រាប់​ក្លិបនេះ ក្រោយពី​ការដណ្តើម​បាន​ជ័យ​ជម្នះ​ដ៏រំភើប​ក្នុងការ​ប្រកួត Clasico របស់ពួក​គេ នាកីឡដ្ឋាន  Santiago Bernabeu កាលពីថ្ងៃ​​អាទិត្យ​។

ក្រុម Barcelona បានលត់ក្រុម Real Madrid យ៉ាង​ចាស់​ដៃ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ Pierre-Emerick Aubameyang បាន​ស៊ុត​បាល់បញ្ចូល​ទី​២​គ្រាប់ ពោល​គឺ​នៅចន្លោះ​គ្រាប់បាល់​របស់ Ronald Araujo និង Ferran Torres​។ ការ​ប្រកួតនេះ ត្រូវ​បាន​ចាត់ទុក​ថា ជា​ការ​តេស្ត​លើ​វឌ្ឍ​ន​ភាព​របស់​ក្រុម Barcelona ក្រោមការ​ដឹកនាំ​របស់​លោក Xavi ហើយពួកគេ​បាន​ឆ្លង​ផុត​ជាមួយនឹង​ជ័យ​ជម្នះ​យ៉ាង​កក់​ក្តៅលើ​គូ​ប្រកួត​ដ៏ខ្លាំង​បំផុត​របស់ពួកគេ ខណៈ​ដែល​ជ័យ​ជម្នះនេះ បាន​បង្ហាញ​ថា ពួកគេត្រៀម​ខ្លួនរួច​រាល់​ហើយ​សម្រាប់​ការ​ប្រជែងដ​ណ្តើម​ពាន​ក្រប​ខ័ណ្ឌ La Liga ម្តង​ទៀត នៅ​រដូវ​កាល​ក្រោយ​។ លោក Xavi បាន​ឲ្យដឹងថា៖ «វា​អាចផ្លាស់​ប្តូរ​កម្លាំង​នា​ពេលបច្ចុប្បន្ន និង​ថ្ងៃ​អនា​គត​។

យើង​មានឱកាស​ជាច្រើន ហើយ​យើង​​ធ្វើ​បានល្អ​ប្រសើរ​ជាងក្រុម Real Madrid ដាច់​។ យើង​សម​តែ​រក​បានគ្រាប់បាល់ច្រើន​ជាង​នេះ​»​។ នៅពេល​ដែល​ត្រូវ​បាន​ចោទ​សួរ​ថា Barcelona វិល​ត្រឡប់​មក​វិញ​ហើយ? លោក Xavi បាន​ឆ្លើយ​ថា៖ «វា​ប្រហែល​ជា​ចឹង​ឯង​។ នេះគឺ​ជាផ្លូវ​ដ៏ត្រឹម​ត្រូវ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia