វីរកីឡាការិនីកីឡាប៉េតង់ កែ ឡេង រួមជាមួយមិត្តរួមក្រុម គ្រូបង្វឹក និងថ្នាក់ដឹកនាំ បានចេញទៅកាន់ប្រទេសចិន កាលពីយប់ថ្ងៃចន្ទ ម្សិលមិញ ដើម្បីទៅការពារមេដាយមាស ក្នុងការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក (Petanque World Championships 2017) នៅទីនោះ ដែលចាប់ប្រកួតពីថ្ងៃទី៨ ដល់ទី១២ ខែវិច្ឆិកា ខាងមុខនេះ។

នៅក្នុងការប្រកួតនេះកីឡាការិនីជើងចាស់ កែ ឡេង នឹងត្រូវប្រកួតការពារមេដាយមាស ដែលគាត់ធ្លាប់ដណ្តើមបានចំនួន២លើកជាប់ៗគ្នា លើវិញ្ញាសាវាយយកពិន្ទុ។ បន្ថែមលើនេះ កែ ឡេង ក៏នឹងចូលរួមប្រកួតលើវិញ្ញាសាជាក្រុមនារីជាមួយម្ចាស់មេដាយមាសពិភពលោកលើវិញ្ញាសាវាយ១នាក់ទល់១នាក់ អ៊ុក ស្រីមុំ អ៊ិន ស្រីយ៉ា និង ស្រ៊ាង សុរ៉ាឃីម ផងដែរ ខណៈវិញ្ញាសារក្រុមនេះ កម្ពុជាមិនធ្លាប់ដណ្តើមបានមេដាយពីការប្រកួតជើងឯកពិភពលោកនេះទេ។

ទាក់ទងនឹងការប្រកួតនេះ លោក សូម៉ៃ សុខគា អគ្គលេខាធិការរងសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងលោក ម៉ុង សុខ គ្រូបង្វឹកក្រុមជម្រើសជាតិផ្នែកនារី សុទ្ធតែមានទំនុកចិត្តខ្ពស់ទៅលើ កែ ឡេង ថា នឹងអាចមានសង្ឃឹមច្រើន ក្នុងការការពារមេដាយមាសនេះ ដោយពួកគាត់សម្អាងថា កែ ឡេង ហ្វឹកហាត់ត្រៀមខ្លួនបានល្អ និងមានបច្ចេកទេសនៅតែល្អ គឺបារម្ភទៅលើតែផ្នែកសុខភាពមួយប៉ុណ្ណោះ។

ដោយឡែក កីឡាករជាយុវជនរបស់កម្ពុជាទាំង៤នាក់ កំពុងតែធ្វើការប្រកួតជើងឯកពិភពលោកនេះ ហើយបានតាមព័ត៌មានដែលបានបង្ហោះនៅលើផេចហ្វេសប៊ុកលោក អ៊ុក យ៉ារី គ្រូបង្វឹកក្រុមយុវជនកីឡាប៉េតង់ បានឲ្យដឹងថា កីឡាករ ឃួន លីហ៊ បានធ្លាក់ក្នុងការប្រកួតវាយយកពិន្ទុ ក្នុងជុំទី១ ដោយគេធ្វើបាន៣២ពិន្ទុ និងឈរនៅចំណាត់ថ្នាក់លេខ១០ ក្នុងចំណោមអ្នកចូលរួមសរុប៣១នាក់ តំណាងឲ្យប្រទេសចំនួន៣១។

ប៉ុន្តែ លីហ៊ នៅសល់ឱកាសប្រកួតជុំទី២បន្តទៀត ហើយបើគេឈ្នះ ឬទទួលបានលេខ១ ដល់លេខ៤ ក្នុងជុំទី២នេះ គេនឹងបានឡើងទៅប្រកួតវគ្គ៨នាក់ចុងក្រោយ ជាមួយកីឡាករថៃ បារាំង ទុយនេស៊ី និងកីឡាកររបស់ម៉ាឡេស៊ី ដែលបានជាប់ នៅក្នុងការប្រកួតជុំទី១។

ចំណែកការប្រកួតជាលើវិញ្ញាសាជាក្រុមរបស់យុវជនកម្ពុជា ដែលមានកីឡាករ ឃួន លីហ៊, កុយ សុភក្រ្តា, ភាត រ៉ាឃីម និង កៅ ភក្តី (បម្រុងម្នាក់) គឺក្រុមកម្ពុជា បានឈ្នះ២ និងចាញ់១ប្រកួត ក្នុងជុំទី១ ដោយក្នុងនោះពួកគេបានឈ្នះក្រុមអូស្រ្តាលីជាមួយពិន្ទុ ១៣-១ ឈ្នះក្រុមប្រទេស Belgique ១៣-១០ ប៉ុន្តែបានចាញ់ក្រុមបារាំង ១៣-៧ ខណៈការប្រកួតវិញ្ញាសានេះមាន៣៣ក្រុមចូលរួមប្រកួតប្រជែង៕