ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍធនធាន​កីឡាករ​កីឡាការិនី​ប៉េតង់​ឲ្យ​កាន់​តែ​សម្បូរ​បែប ថ្នាក់​ដឹកនាំ​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​ប្តេជ្ញា​ជួយ​សាង​សង់​ទីលាន​ឲ្យ​បាន​យ៉ាង​តិច​៤​តារាង​ក្នុង​ខេត្ត​នីមួយៗ នៅឆ្នាំ២០២២នេះ។ ជាមួយគ្នានេះ​ថ្នាក់​ដឹកនាំ ស្នើឲ្យ​សម្ព័ន្ធ ឬ​ក្លិប​នៅ​តាម​ខេត្ត​នីមួយៗ ត្រូវ​មាន​ការ​ឯកភាព​ផ្ទៃ​ក្នុង និង​ធ្វើ​សំណើរ​មក​សហព័ន្ធ​ឲ្យ​បាន​ត្រឹម​ត្រូវ បើ​ពុំ​នោះទេ សហព័ន្ធ​មិន​សាង​សង់​ទីលាន​ឲ្យ​ឡើយ​។ ទន្ទឹម​នឹង​នេះ សហ​ព័ន្ធ ក៏​បាន​បង្ហាញ​ពី​ផែន​ក្នុង​ការ​បញ្ជូន​គ្រូ​បង្វឹក​និង​មន្ត្រី​បច្ចេកទេស​របស់​សហព័ន្ធ​ទៅ​បណ្តុះ​បណ្តាល​បច្ចេក​ដល់​សម្ព័ន្ធ និង​ក្លិប​នៅ​តាម​ខេត្ត​នីមួយៗ​ផងដែរ។

នាពិធី​បិទ​សន្និបាត​បូក​សរុបការងារ​ក្នុង​ឆ្នាំ​២០២១ និង​លើក​ទិស​ដៅ​អនុវត្ត​សម្រាប់​ឆ្នាំ​២០២២ លោក ស សុខា ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​ប្តេជ្ញា​នឹង​ជួយ​សាង​សង់​ទីលាន​ប៉េតង់​ឲ្យ​ខេត្ត​នីមួយៗ ឲ្យបា​ន​យ៉ាង​តិច​ចំនួន​៤​នៅ​ឆ្នាំ២០២២​ដោយ​សរុប​ទាំង​២៥​រាជធានី​ខេត្ត​មាន​ចំនួន​១០០​ទី​លាន។ គោល​បំណង​នៃ​ការ​សាង​សង់​ទីលាន​នេះ គឺ​ដើម្បី​ចូល​រួម​ចំណែក​អភិវឌ្ឍន៍​សមត្ថភាព​កីឡាករ​នៅ​តាម​ខេត្ត​ឲ្យ​កាន់​តែ​សម្បូ​រ​បែប សម្រាប់​ចម្រាញ់​ត្រៀម​ការ​ប្រកួត​នានា ពិសេស​ស៊ីហ្គេមនា ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

ទន្ទឹម​នឹង​នេះ លោក បាន​ស្នើ​ឲ្យ​សម្ព័ន្ធ ឬ​ក្លិប​នៅ​តាម​រាជធានី-ខេត្ត​នីមួយៗ​ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ​មក​កាន់​សហព័ន្ធ​ឲ្យ​បាន​ត្រឹមត្រូវ និង​ត្រូវ​មាន​ការ​ឯកភាព​ផ្ទៃ​ក្នុង​ជាមុន​សិន ដើម្បី​ជៀស​វាង​កុំ​ឲ្យ​មាន​ការ​ដណ្តើម​គ្នា​ឲ្យ​សាង​សង់​នៅ​ទីនេះ ឬ​ទីនោះ​រវាង​សម្ព័ន្ធ ឬ​ក្លិប​នីមួយៗ។ លោក​អះអាង​ថា សហព័ន្ធ នឹង​មិន​សាងសង់​ទីលាន​ឲ្យ​សម្ព័ន្ធ ឬ​ក្លិប​ឡើយ បើ​គ្មាន​សំណើរ​ត្រឹម​ត្រូវ និង​គ្មាន​ការ​ឯកភាព​ផ្ទៃ​ក្នុង។

លោក ស សុខា បានប្តេជ្ញាដូច្នេះថា៖ «ខ្ញុំ​តាំង​ចិត្តថា ក្នុង​មួយ​ឆ្នាំ​នេះ នឹង​ធ្វើឲ្យ​បាន​យ៉ាង​តិច​៤​តារាង ក្នុង​ខេត្ត​នីមួយៗ បើ​បូក​សរុប​ទៅ​២៥​រាជធានី​ប្រហែល​ជា​ខ្ទង់​១០០​តារាង។ ប៉ុន្តែ​សុំ​ឲ្យ​មាន​ការ​ស្នើ​សុំ​ពី​សម្ព័ន្ធ ឬ​ក្លិប​របស់​ខេត្ត​នីមួយៗ​មក​កាន់​សហព័ន្ធ​ ហើយ​ខ្ញុំ​សន្យាថា នឹង​ពិនិត្យ និង​សម្រេច ហើយ​ទីតាំង​យើង​ជ្រើស​រើស​ខ្លួន​ឯង។ អ៊ីចឹង​បើ​១​ឆ្នាំ​បាន​៤​ក្នុង​១​ខេត្ត ខ្ញុំ​គិត​ថា​តែ​ពីរបី​ឆ្នាំ​វា​ឡើង​១០​ទៅ​២០​តារាង។ តែ​សូម​ឲ្យ​មាន​ការឯក​ភាព​ផ្ទៃ​ក្នុង​សិន កុំ​ឲ្យ​មួយ​ដណ្តើម​ដាក់​កន្លែង​នេះ មួយ​ដណ្តើម​ដាក់​កន្លែង​នោះ ដល់​ទី​បញ្ចប់​ធ្វើ​លេង​ចេញ»។

ពាក់ព័ន្ធ​ការ​អភិវឌ្ឍន៍​ធនធាន​នៅ​តាម​បណ្តា​ខេត្ត​នេះ លោក ស សុខា បាន​គូស​បញ្ជាក់​ថា សហព័ន្ធ​នឹង​បញ្ជូន​មន្ត្រី​បច្ចេកទេស និង​គ្រូបង្វឹក​របស់​សហព័ន្ធ ទៅ​បណ្តុះ​បណ្តាល​កីឡាករ​កីឡាការិនី​នៅ​តាម​ខេត្ត​នីមួយៗ ដើម្បី​ឲ្យពួកគេ​ទទួល​បាន​បច្ចេកទេស និង​បទ​ពិសោធ​ថ្មីៗ សម្រាប់​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​កាន់​តែ​ប្រសើរ​ថែម​ទៀត។ បន្ថែម​លើ​នេះ លោក​អះ​អាង​ថា នៅ​ឆ្នាំ​២០២២ នេះ សហព័ន្ធ នឹង​រៀបចំ​ការ​ប្រកួត​ធំៗ​ឡើង​វិញ ដើម្បី​ឲ្យ​កីឡាករ​បាន​ចូល​រួម​ប្រកួត​ប្រជែង បង្ហាញ​ទេព​កោសល្យ និង​អភិវឌ្ឍន៍​សមត្ថភាព ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ស៊ីហ្គេម នៅ​វៀតណាម​នៅ​ឆ្នាំ​នេះ និង​ការ​ប្រកួត​ស៊ីហ្គេម​នៅ​ឆ្នាំ២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ។

ជាមួយ​គ្នា​នេះ សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា អាច​ចាត់​ទុក​ជា​សហព័ន្ធ​នាំមុខ​គេ​មួយ​​នៅ​កម្ពុជា​ក្នុង​ការប្រជែង ដណ្តើមមេដាយ​លើឆាក​អន្តរ​ជាតិ​ជូន​ជាតិ។ គិត​មក​ទល់​បច្ចុប្បន្ន សហព័ន្ធ​នេះ ដណ្តើម​បាន​មេដាយ​អន្តរ​ជាតិ​កម្រិត​អាស៊ាន អាស៊ី និង​ពិភពលោក​សរុប​ចំនួន​៣៧០​មេដាយ ក្នុងនោះមេដាយមាស ១០៨គ្រឿង ប្រាក់១៣១គ្រឿង និងសំរឹទ្ធ១៣១គ្រឿង៕