កាលពីម្សិលមិញ Lionel Messi ទើបបាននិយាយថា នៅអឺរ៉ុប ខ្លួនលេងឲ្យតែ Barcelona មួយគត់។ ក្នុងន័យនេះ អត្ថបទចង់រម្លឹកពីប្រវត្តិដើមទងដែលឈានឲ្យកីឡាករអាហ្សង់ទីនឈានជើងចូលក្នុងក្លឹបអេស្ប៉ាញមួយនេះ ដោយមានឯកសារលើកដំបូងបំផុតមិនមែនធ្វើលើក្រដាសនោះទេ តែលើកំណាត់ជូតមាត់។
កាលពីថ្ងៃទី ១៧ កញ្ញា ឆ្នាំ ២០០០ Messi បានធ្វើដំណើរមកដល់ទឹកដីអេស្ប៉ាញ។ កាលនោះ កីឡាករអាហ្សង់ទីនត្រូវបានទទួលដោយភ្នាក់ងារកីឡាករអេស្ប៉ាញម្នាក់ឈ្មោះ Haracio Gaggioli។
លោក Gaggioli បានរៀបចំ និងនាំ Messi ទៅហាត់សាកល្បងនៅក្លឹប Barcelona។ កីឡាករអាហ្សង់ទីនបានចូលរួមហាត់បាល់ជាមួយកីឡាករថ្នាលយុវជនមួយចំនួនរបស់ក្លឹបក្នុងនោះក៏មានដែរ Gerard Pique និង Cesc Fabregas។ បើទោះជាមានមាឌតូចក៏ដោយ Messi ត្រូវបានអ្នកហាត់បាល់ជាមួយគ្នា កោតសរសើរពីទេពកោសល្យរបស់រូបគេ។
នៅខែតុលាឆ្នាំដដែល Messi បានចូលរួមលេងក្នុងប្រកួតមួយ ដើម្បីឲ្យលេខាធិការបច្ចេកទេសរបស់ក្លឹប Barcelona លោក Charly Rexach មើលដើម្បីពិចារណាថាគួរទុកកីឡាករអាហ្សង់ទីននៅក្លឹបឬអត់។ ក្រោយមើល Messi លេង បានមិនដល់ ១០ នាទី លោកRexach បានដើរចេញ។
បើតាមបទសម្ភាសន៍កាលពីពេលកន្លងទៅរបស់លោក លោក Rexach បានបញ្ជាក់ថាការណ៍ដែលលោកបានដើរចេញពីការទស្សនាការប្រកួតកាលនោះ គឺដោយសារតែលោកទទួលស្គាល់ថា Messi ពិតជាលេងបានល្អ ហើយសម្រេចក្នុងចិត្តហើយថា នឹងឲ្យកីឡាករអាហ្សង់ទីនចូលលេងឲ្យក្លឹបអ្នកមានបុណ្យ។
ទោះជាយ៉ាងណា ការដើរចេញរបស់លោក Rexach មិនត្រូវបានគិតវិជ្ជមានដោយឪពុក Messi ឡើយ។ កាលនោះ លោក Jorge Messi បានខឹងខ្លាំងណាស់ ប៉ុន្តែលោកនៅតែបានបន្តចាំនូវការសម្រេចចិត្តរបស់ Barcelona លើអនាគតកូនខ្លួន។ យ៉ាងនេះក្ដី រហូតទាល់ថ្ងៃទី ១៤ខែធ្នូ ឆ្នាំ ២០០០ ទើបមានការប្រជុំមួយកើតឡើងរវាង Messi ព្រមទាំងឪពុក លោក Gaggioli លោក Rexach និងភាគីពាក់ព័ន្ធ។
ពេលនោះ លោក Gaggioli ក្នុងនាមជាអ្នកតំណាងឲ្យកីឡាករអាហ្សង់ទីន បានសួរចំៗទៅលោក Rexach អំពីការសម្រេចចិត្តរបស់ Barcelona ទៅលើ Messi។ លោក Gaggioli បានព្រមានថា នឹងរកក្លឹបផ្សេងទៀតសម្រាប់កីឡាករអាហ្សង់ទីន បើ Barcelona នៅតែស្ទាក់ស្ទើរ។
ឯកសារដំបូងរបស់ Messi នៅ Barca ធ្វើលើកំណាត់ជូតមាត់
គឺនៅពេលនោះហើយ ដែលលោកលេខាធិការបច្ចេកទេស Raxach បានទាញយកកំណាត់ជូតមាត់ពីលើតុដែលខ្លួនអង្គុយ រួចសរសេរថា៖ “ទោះជាមានសំឡេងប្រឆាំងខ្ញុំនៅ Barcelona ក៏ដោយ ខ្ញុំ Charly Rexach ក្នុងនាមជាលេខាធិការបច្ចេកទេសរបស់ក្លឹប ប្ដេជ្ញាថាព្រមទទួល Lionel Messi ជាកីឡាកររបស់ក្លឹប ដរាបណាលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត”។ ខ្លឹមសារលើកំណាត់ជូតមាត់នេះ ត្រូវបានមជ្ឈដ្ឋានបាល់ទាត់ជាច្រើនចាត់ទុកជាឯកសារលើកដំបូងបំផុតរបស់ Messi នៅក្លឹបអ្នកមានបុណ្យ។
តាមពិតទៅ មានមូលហេតុច្រើនដែល Barca មានការស្ទាក់ស្ទើរក្នុងការទទួលយក Messi កាលនោះ ប៉ុន្តែនិយាយដោយខ្លីទៅ គឺក្លឹបមិនចង់ប្រថុយក្នុងការចំណាយដ៏ច្រើន (ដូចជាការមើលថែជំងឺ និងបើកប្រាក់ដំណាច់ប្រចាំឆ្នាំជាដើម) លើកីឡាករមួយរូបដែលមានវ័យទើប ១៣ឆ្នាំ មានបញ្ហាអ័រម៉ូន និងមកពីឆ្ងាយ (ប្រទេសអាហ្សង់ទីន)។
ក្រោយបានទទួលឯកសារនោះ Messi បានបន្តនៅ Barcelona និងបានអភិវឌ្ឍខ្លួនរហូតបានចូលលេងឈុតធំនៅឆ្នាំ ២០០៤។ តាំងពីពេលនោះមក កីឡាករបានបង្ហាញទម្រង់លេងបានយ៉ាងល្អរហូតក្លាយជាកីឡាករបង្គោល និងវីរបុរសមួយរូបរបស់ក្លឹប ក៏ដូចជាពិភពបាល់ទាត់ទាំងមូលផងដែរ។
គិតមកទល់ពេលនេះ កីឡាករអាហ្សង់ទីនស៊ុតចូលសរុប ៥៥២ គ្រាប់ ក្នុងការបង្ហាញខ្លួន ៦៣៧លើកឲ្យក្លឹបអ្នកមានបុណ្យ៕
Via :news.sabay