តារាឆ្នើមអន្តរជាតិប្រេស៊ីល Neymar បានបង្កើតឲ្យមានការវិលត្រឡប់ដ៏អស្ចារ្យមួយពីបញ្ហារបួស តាមរយៈការស៊ុតបាល់បញ្ចូលទី ១គ្រាប់យ៉ាងល្អ ក្នុងពេលក្រុមខ្លួនទទួលជ័យជម្នះក្នុងលទ្ធផល ២-០ លើក្រុមបាល់ទាត់ជម្រើសជាតិក្រូអាស៊ី កាលពីថ្ងៃអាទិត្យ។

ត្រឹមតែរយៈពេល ៩៨ថ្ងៃ ក្រោយពីជួបបញ្ហារបួសមួយដែលរូបគេបារម្ភថា នឹងធ្វើឲ្យគេអវត្តមានក្នុងព្រឹត្តិការណ៍ World Cup នាពេលខាងមុខនេះ ក្នុងប្រទេសរុស្ស៊ីនោះ Neymar បានវិលចូលលេងវិញជាមួយនឹងការបង្ហាញពីទម្រង់លេងយ៉ាងល្អនាកីឡដ្ឋាន Anfield។

តារាឆ្នើមរបស់ក្លិប Paris Saint-Germain រូបនេះ បានចូលលេងក្នុងនាមជាកីឡាករបម្រុងនៅតង់ទី២ ដើម្បីជំនួសកន្លែងរបស់ខ្សែបម្រើ Fernandinho របស់ក្លិប Manchester City ខណៈដែលក្រុមជម្រើសជាតិប្រេស៊ីល បានពង្រឹងការត្រៀមលក្ខណៈរបស់ពួកគេសម្រាប់យុទ្ធនាការ World Cup។ Neymar ត្រូវការរយៈពេលត្រឹមតែ ២៣នាទីប៉ុណ្ណោះដើម្បីបង្ហាញពីសារសំខាន់ដែលរូបគេមានចំពោះក្តីសង្ឃឹមរបស់ប្រេស៊ីលក្នុងការប្រជែងពាន World Cup ជាលើកទី៦ របស់ពួកគេ។

ក្រោយពីទទួលបានបាល់ពីការបញ្ជូនពី Philippe Coutinho កីឡាករ Neymar បានអូសបាល់ចូលក្នុងប្រអប់គ្រោះថ្នាក់ ដោយបណ្តើរបាល់ដាច់ខ្សែការពារ Sime Vrsaljko និង Duje Caleta-Car មុននឹងស៊ុតបាល់បញ្ចូលទីយ៉ាងល្អ។ លោក Tite គ្រូបង្វឹករបស់ក្រុមជម្រើសជាតិប្រេស៊ីល បានឲ្យដឹងថា៖ «សម្រាប់ការប្រកួតជាលើកទី១ ខ្ញុំពិតជាមានការរំពឹងទុកតិចតួចណាស់ពីរូបគេ។ ខ្ញុំពិតជារីករាយណាស់ជាមួយនឹងការបង្ហាញពីទម្រង់លេងយ៉ាងល្អនេះ»៕