Ricardo Rodriguez បានរកគ្រាប់បាល់តាមស្មើសម្រាប់ក្រុមជម្រើសជាតិស្វ៊ីស ខណៈដែលក្រុមជម្រើសជាតិអេស្ប៉ាញ បានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នៅលើទឹកដីខ្លួនឯងក្នុងការប្រកួតមិត្តភាពចុងក្រោយរបស់ពួកគេ នៅមុនពេលធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី សម្រាប់យុទ្ធនាការ World Cup នាសប្តាហ៍ក្រោយ។
ខ្សែការពារស្លាបស្តាំ Alvaro Odriozola របស់ក្លិប Real Sociedad បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អដើម្បីជួយឲ្យអេស្ប៉ាញ មានគ្រាប់បាល់នាំមុខមុននៅនាទី ទី២៩ ក្នុងទីក្រុង Vila-real ក្នុងការបង្ហាញខ្លួនជាអន្តរជាតិជាលើកទី៣ របស់គេ។ ខ្សែបម្រើ Andres Iniesta បានបង្កើតឲ្យមានការសង្គ្រោះបាល់ដ៏ល្អមួយពីសំណាក់ Yann Sommer នៅក្បែរបង្គោលទី នៅមុនពេលបញ្ចប់តង់ទី១ ហើយតារាឆ្នើមជើងចាស់រូបនេះ ស្ទើរតែបានរកគ្រាប់បាល់បញ្ចូលទីក្នុងតង់ទី២ទៅហើយ នៅមុនពេលរូបគេត្រូវបានប្តូរចេញ។
ខ្សែការពារ Rodriguez របស់ក្លិប AC Milan បានរកគ្រាប់បាល់តាមស្មើសម្រាប់ក្រុមជម្រើសជាតិស្វ៊ីសរបស់លោក Vladimir Petkovic ដែលក៏បានឈ្នះសិទ្ធិទៅ World Cup ផងដែរ នៅនាទី ទី៦០ តាមរយៈការស៊ុតបាល់បំប៉ោងសំណាញ់ទីយ៉ាងល្អ ក្រោយពីអ្នកចាំទី David de Gea បានទះបាល់ចេញពីការស៊ុតរបស់កីឡាករ Stephan Lichtsteiner។ លទ្ធផលនេះមានន័យថា ការមិនស្គាល់ចាញ់របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ក្រោមការដឹកនាំរបស់លោក Julen Lopetegui បានបន្តរហូតដល់ទៅ១៩ប្រកួត។ កីឡាករ Odriozola បានប្រាប់ទូរទស្សន៍អេស្ប៉ាញថា៖ «ខ្ញុំពិតជារីករាយចំពោះកម្រិតបុគ្គលក្នុងការបានជួយដល់ក្រុមនេះ។ យើងមានអារម្មណ៍ល្អ ហើយការប្រកួតនេះ នឹងជួយឲ្យយើងរកឃើញតុល្យភាពយ៉ាងត្រឹមត្រូវ»៕
អេស្ប៉ាញ រក្សាការមិនស្គាល់ចាញ់ ក្រោមការដឹកនាំលោក Lopetegui
អត្ថបទទាក់ទង