ក្លិប Manchester United បានប្រកាសកាលពីថ្ងៃអង្គារថា ពួកគេបានយល់ព្រមលើការផ្ទេរមួយដើម្បីចុះហត្ថលេខាជាមួយនឹងខ្សែបម្រើអន្តរជាតិប្រេស៊ីល Fred ពីក្លិប Shakhtar Donetsk ខណៈដែលលោក Jose Mourinho សម្លឹងរកការឡើងឈរពីលើក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League គឺ Manchester City។

កីឡាករវ័យ ២៥ឆ្នាំរូបនេះ នឹងធ្វើឲ្យ Man United ចំណាយប្រាក់លើតម្លៃខ្លួនប្រមាណជា ៥២លានផោន (ស្មើនឹង៦៩លានដុល្លារអាមេរិក) និងធ្វើឲ្យលោក Mourinho មានតំបន់បម្រើដ៏រឹងមាំមួយ ខណៈដែលតារាឆ្នើមអន្តរជាតិប្រេស៊ីលរូបនេះ នឹងត្រូវចាប់ដៃគូរួមជាមួយនឹង Paul Pogba និង Nemanja Matic។ សេចក្តីប្រកាសមួយនៅលើគេហទំព័ររបស់ក្លិបឲ្យបានដឹងថា៖ «ក្លិប Manchester United ពិតជារីករាយណាស់ក្នុងការប្រាសថា ខ្លួនបានឈានដល់ការព្រមព្រៀងគ្នាជាមួយនឹងក្លិប Shakhtar Donetsk សម្រាប់ការផ្ទេរ Frederico Rodrigues de Paula Santos (Fred)។ ការប្រកាសបន្ថែមទៀត នឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ»។

Man United បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២នៅលើតារាងក្របខ័ណ្ឌ Premier League ពីក្រោយក្រុម Man City ប៉ុន្តែ ដេញតាមពីក្រោយក្រុមជាគូប្រជែងរបស់ពួកគេរហូតដល់ទៅ១៩ពិន្ទុ។ ការយកឈ្នះលើក្រុម Man City ដើម្បីចុះហត្ថលេខាជាមួយនឹង Fred ដែលបានក្លាយជាគោលដៅមួយសម្រាប់ក្រុមម្ចាស់ជើងឯកអង់គ្លេសមួយនេះ កាលពីខែមករា អាចនឹងបង្ហាញពីការបោះជំហានដ៏សំខាន់មួយ៕