លោក Gareth Southgate អ្នកចាត់ការទូទៅនៃក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានទទួលស្គាល់ថា Marcus Rashford បានផ្តល់ឲ្យលោកនូវការសម្រេចចិត្តដ៏លំបាកមួយ នៅមុនពេលយុទ្ធនាការ World Cup តាមរយៈការស៊ុតបាល់បញ្ចូលទី១គ្រាប់ ក្នុងពេលក្រុមខ្លួនយកឈ្នះលើក្រុមជម្រើសជាតិកូស្តារីកា ក្នុងលទ្ធផល ២-០ កាលពីថ្ងៃព្រហស្បតិ៍។

ក្នុងការប្រកួតជាលើកចុងក្រោយរបស់ក្រុមជម្រើសជាតិអង់គ្លេស នៅមុនពេលបើកយុទ្ធនាការ World Cup របស់ខ្លួនជាមួយនឹងក្រុមជម្រើសជាតិទុយនីស៊ី ក្នុងរយៈពេល ១១ថ្ងៃទៀត ខ្សែប្រយុទ្ធ Rashford របស់ក្លិប Manchester United បានក្លាយជាតារាឆ្នើមក្នុងក្រុមរបស់ខ្លួន នាការប្រកួតនៅទីក្រុង Leed។ ខ្សែប្រយុទ្ធ Danny Welbeck ក៏បានរកគ្រាប់បាល់បញ្ចូលទីផងដែរ ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានរក្សាការមិនស្គាល់ចាញ់សោះរហូតដល់ទៅ ១០ប្រកួត ពោលគឺជិតរយៈពេល១ឆ្នាំ។

លោក Southgate បានឲ្យដឹងថា៖ «អ្វីដែលបានធ្វើឲ្យខ្ញុំរីករាយនោះគឺថា Marcus Rashford បានរីករាយនឹងកីឡាបាល់ទាត់របស់គេនៅរាត្រីនេះ។ រូបគេលេងបានយ៉ាងល្អ ជាមួយនឹងភាពមុតស្រួចយ៉ាងពិតប្រាកដ»។ Rashford បានក្លាយជាអ្នកជំនួសដ៏ស័ក្តិរបស់តារាឆ្នើម Harry Kane ខណៈដែលរូបគេបានលេងក្នុងតំបន់ប្រយុទ្ធជាមួយនឹងខ្សែប្រយុទ្ធ Jamie Vardy និងបានបង្ហាញពីកម្រិតនៃសមត្ថភាពរបស់គេ តាមរយៈការស៊ុតបាល់ពីចម្ងាយចូលទីយ៉ាងល្អ។ Rashford បានប្រាប់ទូរទស្សន៍ ITV ថា៖ «អ្នកធ្វើការទៅលើការរកគ្រាប់បាល់បញ្ចូលទី ក្នុងការហ្វឹកហាត់ជារៀងរាល់ថ្ងៃ ហើយនៅពេលដែលគ្រាប់បាល់មួយបានកើតឡើងក្នុងការប្រកួតមួយ វាគឺជារង្វាន់មួយ»៕

កីឡាករ Marcus Rashford បង្ហាញពីទម្រង់លេងដ៏អស្ចារ្យ ខណៈអង់គ្លេស យកឈ្នះកូស្តារីកា ដោយងាយ
អត្ថបទទាក់ទង
