ខ្សែ​បម្រើ Andres Iniesta ក្នុង​ថ្ងៃ​នេះ បាន​អំពាវនាវ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ប្រឹងប្រែង​លេង​ពេល​ប៉ះ​ព័រទុយហ្គាល់​ក្នុង World Cup ខាង​មុខ និង​យក​ទុក​ដាក់​ខ្ពស់​លើ​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo។

Iniesta បាន​និយាយ​ប្រាប់​សារព័ត៌មាន Cadena Cope ថា ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ជា “ក្រុម​ដែល​ពិបាក​ក្នុង​យក​ឈ្នះ”។ ដូច្នេះ​ខ្សែ​បម្រើ​រូប​នេះ​យល់​ថា អេស្ប៉ាញ​ត្រូវ​តែ​លេង​ទម្រង់​ឲ្យ​បាន​ល្អ​ដល់​កម្រិត​កំពូល​ពេល​ជួប​ជម្រើស​ជាតិ​អឺរ៉ុប​មួយ​នេះ។

អតីត​កីឡាករ​ក្លឹប​អ្នក​មាន​បុណ្យ បាន​ហៅ Cristiano Ronaldo ថា​ជា “កីឡាករ​ដ៏​អស្ចារ្យ​” សម្រាប់​ព័រទុយហ្គាល់ ក្នុង​ន័យ​ទំនង​ចង់​ឲ្យ​មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​យក​ចិត្ត​ទុក​ដាក់​ឲ្យ​មែន​ទែន​ទៅ​លើ​ខ្សែ​ប្រយុទ្ធ​ Real Madrid។

សូម​បញ្ជាក់​ផង​ដែរ​ថា អេស្ប៉ាញ និង​ព័រទុយហ្គាល់​នឹង​ត្រូវ​ប៉ះ​គ្នា​នៅ​កម្មវិធី World Cup នៅ​ថ្ងៃ​ទី ១៥ មិថុនា​ខាង​មុខ នៅ​ទីក្រុង Sochi ប្រទេស​រុស្ស៊ី។

គិត​ពី​ឆ្នាំ ២០០២ មក ក្រុម​ជម្រើស​ជាតិ​ទាំងពីរធ្លាប់​មាន​ប្រវត្តិសាស្ត្រ​ប៉ះ​គ្នា ចំនួន ៦ លើក ក្នុង​នោះ អេស្ប៉ាញ​ឈ្នះ ២ ព័រទុយហ្គាល់​ឈ្នះ ២ និង​ស្មើ​ ២​លើក៕


Via :news.sabay