ខ្សែស្លាប Mohamed Salah អាចនឹងអវត្តមានក្នុងការប្រកួត World Cup រវាងអេហ្ស៊ីប និងអ៊ុយរុយហ្គាយនៅថ្ងៃទី ១៥ មិថុនាខាងមុខ។ នេះបើតាមការបញ្ជាក់របស់លោក Ehab Lehita ប្រធានគ្រប់គ្រងសហព័ន្ធបាល់ទាត់អេហ្ស៊ីប។

លោក Lehita បាននិយាយថា សហព័ន្ធរួមជាមួយក្រុមគ្រូពេទ្យ បានតាមដានយ៉ាងយកចិត្តទុកដាក់លើស្ថានភាពរបួសរបស់ខ្សែស្លាប Salah។ បើទោះជាលោកទទួលស្គាល់ថា ស្ថានភាពរបួសរបស់កីឡាករបានវិវត្តន៍ទៅជាល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ គិតត្រឹមថ្ងៃនេះ លោកមិនទាន់អាចបញ្ជាក់បានទេថា កីឡាករអាចនឹងចូលលេង ១០០% ឬអត់ក្នុងប្រកួត World Cup បើកឆាកសម្រាប់អេហ្ស៊ីបក្នុងការប៉ះជាមួយក្រុមជម្រើសជាតិអាមេរិកខាងត្បូងអ៊ុយរុយហ្គាយ។
ក្នុងសម្ដីលោក Lehita លោកបាននិយាយ៖ “របួសរបស់គេ (Salah) បានវិវត្តន៍ប្រសើរឡើងជាបណ្ដើរៗហើយ។ ទោះជាយ៉ាងណា ក្នុងថ្ងៃនេះ ខ្ញុំមិនអាចបញ្ជាក់បានទេថា គេនឹងអាចលេងក្នុងប្រកួតទីមួយ World Cup សម្រាប់អេហ្ស៊ីបឡើយ។ អ្វីដែលខ្ញុំចង់និយាយគឺថា យើងសង្ឃឹមថាគេនឹងអាចលេងក្នុងប្រកួតនោះ”។

សូមបញ្ជាក់ផងដែរថា Salah បានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងរដូវកាលនេះ។ កីឡាករស៊ុតចូលសរុបជាង ៤០គ្រាប់ និង Assist ជិត ២០ លើកទៀត ឲ្យ Liverpool ព្រមទាំងបានជួយក្រុមជម្រើសជាតិអេហ្ស៊ីបឡើងទៅលេង World Cup ជាលើកដំបូងក្នុងរយៈពេលជិត ២៨ឆ្នាំ។

យ៉ាងនេះក្ដី កាលពីចុងខែមុន កីឡាករបានរងរបួសស្មាធ្ងន់ធ្ងរ ក្នុងអំឡុងប្រកួតវគ្គផ្ដាច់ព្រ័ត្រ Champions League ពេលប៉ះជាមួយ Real Madrid៕


