ក្លិប Arsenal បានយល់ព្រមលើតម្លៃខ្លួន ៣០លានអឺរ៉ូ (ស្មើនឹង ៣៥លានដុល្លារអាមេរិក) ដើម្បីចុះហត្ថលេខាជាមួយនឹងខ្សែបម្រើ Lucas Torreira របស់ក្លិប Sampdoria និងកំពុងតែធ្វើការពិភាក្សាលើលក្ខខណ្ឌផ្សេងៗជាមួយនឹងមន្ត្រីតំណាងរបស់កីឡាករសញ្ជាតិអ៊ុយរូហ្គាយរូបនេះ ក្នុងទីក្រុង Milan កាលពីថ្ងៃអង្គារ។

កីឡាករវ័យ ២២ឆ្នាំរូបនេះមានលក្ខខណ្ឌទិញរំលាយកិច្ចសន្យាចំនួន ២៥លានអឺរ៉ូ ក្នុងកុងត្រារបស់គេ ដែលនៅសល់រយៈពេល ៤ឆ្នាំទៀត ប៉ុន្តែ Arsenal បានផ្តល់តម្លៃខ្លួនបន្ថែម ៥លានអឺរ៉ូទៀត ដើម្បីយកឈ្នះការប្រជែងពីក្លិប Napoli។ តម្លៃខ្លួននេះ នឹងត្រូវបង់ក្នុងរយៈពេល៣ឆ្នាំ។ ក្លិបរបស់ក្របខ័ណ្ឌ Premier League មួយនេះ បានផ្តល់ឲ្យរូបគេនូវកុងត្រារយៈពេល ៥ឆ្នាំ និងជឿជាក់ថា រូបគេនឹងចុះហត្ថលេខាលើកិច្ចសន្យានោះ។
Torreira បានធ្វើដំណើរទៅដល់ប្រទេសអ៊ីតាលី ក្នុងនាមជាខ្សែប្រយុទ្ធម្នាក់ ដែលត្រូវបានគេចាត់ទុកកាលពីពេលនោះថា ជា Carlos Tevez ថ្មីម្នាក់ ដោយសារតែទម្រង់លេងរបស់គេ និងបានចូលរួមជាមួយនឹងក្លិប Perugia កាលពីឆ្នាំ២០១៣។ ប៉ុន្តែ នៅទីនោះ រូបគេត្រូវបានប្តូរឲ្យទៅលេងក្នុងតំបន់បម្រើ ដោយលោកគ្រូបង្វឹក Massimo Oddo។ ក្រោយមក រូបគេបានធ្វើការអភិវឌ្ឍក្នុងតួនាទីថ្មីរបស់គេ និងបានទទួលការផ្ទេរមួយទៅកាន់ក្លិប Sampdoria ក្នុងឆ្នាំ២០១៦។ រូបគេបានក្លាយជាកីឡាករដ៏សំខាន់ម្នាក់ នៅឯកីឡដ្ឋាន Stadio Luigi Ferraris និងត្រូវបានចាត់ទុកថា ជាខ្សែបម្រើការពារដ៏ឆ្នើមបំផុតក្នុងក្របខ័ណ្ឌ Serie A៕

