សហព័ន្ធបាល់ទាត់អេស្ប៉ាញ(RFEF) បានតែងតាំងលោក Fernando Hierro ជាគ្រូបង្វឹកដឹកនាំក្រុមជម្រើសជាតិសម្រាប់ការប្រកួត ព្រឹត្តការណ៏ World Cup ២០១៨ បន្ទាប់ពីកើតមានព្រឹត្តិការណ៏ដ៏ច្របូកច្របល់ ខណៈលោក Julen Lopetegui អតីតគ្រូបង្វឹកត្រូវបានសហព័ន្ធបញ្ឈប់ពីតំណែង ក្រោយចុះហត្ថលេខាផ្ទេរទៅកាន់ក្លឹប Real Madrid ទាំងមិនទាន់បញ្ចប់ភារកិច្ចដឹកនាំក្រុមជម្រើសជាតិអេស្បាញចូលរួមប្រកួតផងនោះ។

Hierro បានបង្ហាញខ្លួននៅក្នុងសន្និសីទសារព័ត៌មានចំពោះមុខមហាជន កាលពីថ្ងៃពុធនឹងប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយពីសហព័ន្ធបានប្រកាសចែកផ្លូវគ្នាជាមួយគ្រូបង្វឹកលោក Laportegui។

បច្ចុប្បន្នអតីតកីឡាករខ្សែការពារវ័យ ៥០ឆ្នាំរូបនេះនឹងឡើងកាន់តួនាទីជាគ្រូបង្វឹកឈុតធំដើម្បី ធ្វើវគ្គហ្វឹកហាត់ជាមួយកូនក្រុមលើកដំបូងរបស់គាត់នៅថ្ងៃព្រហស្បតិ៍មុនការប្រកួតក្នុងពូល B រវាងក្រុមជម្រើសជាតិអេស្បាញ និងក្រុមជម្រើសជាតិព័រទុយហ្គាល់នាថ្ងៃសុក្រនេះ។

Fernando Hieero ធ្លាប់លេងអោយក្រុម Real Madrid នៅចន្លោះឆ្នាំ១៩៨៩-២០០៣ បាន ៥៨៤ប្រកួតពោលគឺ ១៤រដូវកាល និងជួយក្រុមលើកពាន La Liga ៥ដង និង ពានរង្វាន់ Champion League ៣ដង មុនពេលផ្ទេរទៅក្រុម Bolton Wanderer នៅឆ្នាំ២០០៤។