ស្របពេលដែលនៅសល់រយៈពេលត្រឹមតែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះពីការប្រកួតបើកឆាកក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ រវាងក្រុមម្ចាស់ផ្ទះរុស្ស៊ី និងអារ៉ាប៊ីសាអ៊ូឌីត នៅរាត្រីនេះ វាពិតជាលំបាកណាស់ក្នុងការប្រាប់ថា អ្នកចាត់ការទូទៅរបស់ក្រុមម្ចាស់ផ្ទះលោក Stanislav Cherchesov កំពុងតែមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការឆ្ពោះទៅមុខ ឬកំពុងស្ថិតលើផ្លូវនៃការចាកចេញ។

គ្រូបង្វឹករូបនេះបានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «ពាក់កណ្តាលប្រទេស នឹងដឹងថា យើងកំពុងតែធ្វើជាម្ចាស់ផ្ទះ World Cup ក្រោយពីការចាប់ផ្តើមប្រកួតនៅថ្ងៃស្អែកនេះ។ នៅរុស្ស៊ី យើងចំណាយពេលដ៏យូរអង្វែងក្នុងការចាប់ផ្តើមការបើកបរ។ ប៉ុន្តែ នៅពេលដែលយើងដាក់ជើងរបស់យើងដល់ហ្គែ យើងនឹងរក្សាការឆ្ពោះទៅមុខ ហើយអ្វីៗទាំងអស់នឹងមានដំណើរការ»។

រុស្ស៊ី កំពុងតែចំណាយប្រាក់ប្រមាណជា ១៤ពាន់លានដុល្លារអាមេរិក ទៅលើការរៀបចំព្រឹត្តិការណ៍ដ៏ធំរបស់កីឡាបាល់ទាត់នេះ ជាលើកទី១ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ភាគច្រើននៃទឹកប្រាក់នោះ ត្រូវបានជះទៅលើការរៀបចំ និងធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធមានភាពល្អប្រសើរឡើងក្នុងទីក្រុងម្ចាស់ផ្ទះទាំង១១។ ក្នុងទីក្រុងម៉ូស្គូតែ១ អ្នកទេសចរបរទេសជិត១លាននាក់ ត្រូវបានរំពឹងទុកថា នឹងធ្វើដំណើរទៅកាន់រដ្ឋធានីនេះ ខណៈដែលមានអ្នកទេសចរត្រឹមតែ២០ម៉ឺននាក់ប៉ុណ្ណោះដែលបានទៅទស្សនាព្រឹត្តិការណ៍អូឡាំពិកឆ្នាំ១៩៨០ ដែលត្រូវបានរៀបចំនៅទីនោះ។ ក្រុមម្ចាស់ផ្ទះរុស្ស៊ី កំពុងស្ថិតក្រោមសម្ពាធដ៏ធំ ដើម្បីបង្ហាញពីសមត្ថភាពរបស់ខ្លួន ខណៈដែលពួកគេនឹងធ្វើដំណើរទៅកាន់ការប្រកួតបើកឆាកនៃយុទ្ធនាការ World Cup នៅរាត្រីនេះ ជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត ក្នុងការប្រកួតមួយរវាងក្រុមប្រទេស២ ដែលមានចំណាត់ថ្នាក់ទាបជាងគេបំផុតក្នុងព្រឹត្តិការណ៍នេះ។

ក្រុមរបស់លោក Cherchesov នឹងធ្វើដំណើរទៅកាន់ទីលាននៃកីឡដ្ឋាន Luzhniki ដែលអាចផ្ទុកអ្នកទស្សនាបាន៨ម៉ឺននាក់ និងជាទីលានប្រវត្តិសាស្ត្ររបស់រុស្ស៊ី ក្នុងនាមជាក្រុមស្ថិតក្នុងចំណាត់ថ្នាក់លេខ៧០ក្នុងពិភពលោក ដោយតាមពីក្រោយគូប្រជែងស្ថិតក្នុងពូល A អារ៉ាប៊ីសាអ៊ូឌីត ៣ចំណាត់ថ្នាក់ ហើយរុស្ស៊ី ក៏មិនស្គាល់ឈ្នះសោះផងដែរក្នុងរយៈពេល៨ខែកន្លងមកនេះ។ ការបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ក្នុងទីក្រុងម៉ូស្គូ ជាមួយនឹងក្រុមជម្រើសជាតិតួកគី កាលពីសប្តហ៍មុន បានធ្វើឲ្យអតីតអ្នកចាំទីអន្តរជាតិរុស្ស៊ីលោក Cherchesov ក្លាយជាអ្នកចាត់ការទូទៅរបស់រុស្ស៊ី ឬសហភាពសូវៀតដំបូងគេ ក្នុងការមិនស្គាល់ឈ្នះសោះក្នុងការប្រកួត៧លើកជាប់ៗគ្នា ក្នុងនោះ៤ប្រកួតបញ្ចប់ដោយការចាញ់។ នេះគឺជាការបង្ហាញខ្លួនជាលើកទី៤របស់រុស្ស៊ី ក្នុងយុទ្ធនាការ World Cup បើគិតចាប់តាំងពីឆ្នាំ១៩៩៤ ឬចាប់តាំងពីការបែកបាក់សហភាពសូវៀត ខណៈដែលពួកគេមិនធ្លាប់ឆ្លងផុតវគ្គចែកពូលសោះ។ ប៉ុន្តែ អារ៉ាប៊ីសាអ៊ូឌីត នឹងត្រូវបង្ហាញខ្លួនក្នុង World Cup ជាលើកទី៥របស់ខ្លួន និងជាលើកទី១បើគិតចាប់តាំងពីឆ្នាំ២០០៦ ហើយលទ្ធផលដ៏ល្អបំផុតរបស់ពួកគេ បានកើតឡើងក្នុងឆ្នាំ១៩៩៤ ដែលកាលនោះពួកគេបានឈានទៅវគ្គ១៦ក្រុមចុងក្រោយ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១០យប់៕