ប្រិយមិត្តម៉ិកស៊ិកកូអបអរជ័យជំនះដូចរញ្ជួយផែនដីក្រោយឈ្នះអាឡឺម៉ង់ ១:0 ក្នុងវគ្គជម្រុះពូល F ប្រិយមិត្តគាំទ្របាល់ទាត់ក្រុមជម្រើសជាតិម៉ិកស៊ិកបានធ្វើឱ្យពិភពបាល់ទាត់មានការភ្ញាក់ផ្អើលជាខ្លាំងចំពោះជ័យជំនះលើក្រុមម្ចាស់ជើងឯក World Cup ២០១៤ ជាមួយនឹងគ្រាប់បាល់នាំមុខនៅតង់ទី១ ខណៈអ្នកចាំទីដៃទី១ Manuel Neuer មិនអាចជួយសង្រ្គោះបាននៅក្នុងការជួបគ្នាកាលពីថ្ងៃអាទិត្យ ខណៈមានការរំពឹងទុក ជាច្រើនថាអាល្លឺម៉ង់នឹងគ្រប់គ្រងការប្រកួតច្រើនលើគូប្រជែងរបស់ពួកគេនៅក្នុងទីក្រុងម៉ូស្គូ។

ប៉ុន្តែអ្វីៗបានប្រែប្រួល ខណៈពេលដែលកីឡាករ Lozano រកបានគ្រាប់បាល់បញ្ចូលទីនៅនាទី៣៥ មុនបញ្ចប់តង់ទី១ និងជាគ្រាប់បាល់ជ័យជំនះដ៏ល្អបំផុតសម្រាប់ក្រុមមកពីតំបន់អាមេរិកខាងជើងផ្តួលក្រុមម្ចាស់ជើងឯក World Cup ២០១៤ ដោយលទ្ធផល ១:0។

យោងតាមការអង្កេតរបស់សេវាកម្មតាមដានរញ្ជួយដីរបស់ប្រទេសមិចស៊ីកូហៅកាត់ថាៈ (SIMMSA) និង Institute of Geological and Atmospheric Researchបានរកឃើញថាសម្លេងស្រែកហ៊ោកញ្ជ្រៀវរបស់ប្រិយមិត្តគាំទ្រនៅប្រទេសនេះបានលឺទ្រហឹងដូចជារញ្ជួយផែនដីដែលបង្កឡើងដោយអ្នកគាំទ្រក្នុងរាជធានីនៃប្រទេសនេះនៅពេលដែល កីឡាករ Lozano រកបានគ្រាប់បាល់នាំមុខ មុននៅតង់ទី១ នោះ។

ជាការបរាជ័យសម្រាប់ការប្រកួតបើកឆាកក្នុងពូលលើកទី១ សម្រាប់លោក Joachim Low ដឹកនាំក្រុមអាឡឺម៉ង់ និងដំបូងបំផុតបន្ទាប់ពីចាញ់ក្រុម Algeria កាលពីឆ្នាំ១៩៨២ មក។