ការប្រកួតរបស់ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង នៅពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិស៊ុយអែត គឺជាការប្រកួតដែលត្រូវតែឈ្នះជាដាច់ខាត ប្រសិនបើក្រុមណាមួយចង់ឈ្នះសិទ្ធិទៅវគ្គបន្តនៃយុទ្ធនាការ World Cup។ នេះបើយោងទៅតាមការលើកឡើងរបស់លោកគ្រូបង្វឹក Shin Tae-yong កាលពីថ្ងៃអាទិត្យ។

ជាមួយនឹងការស្ថិតក្រោមសម្ពាធផ្សេងៗ នៅមុនពេលការប្រកួតពូល F ក្នុងទីក្រុង Nizhny Novgorod លោក Shin Tae-yong បានបញ្ជាក់ថាក្រុមទាំង២ ត្រូវតែមានគោលដៅរកឲ្យបាន ៣ពិន្ទុដូចគ្នា។ គ្រូបង្វឹករូបនេះបានឲ្យដឹងថា៖ «សម្រាប់ការប្រកួតនៅថ្ងៃស្អែកនេះ ខ្ញុំគិតថា យើងជាកូរ៉េ ហើយក៏សម្រាប់ក្រុមស៊ុយអែត វាជាការប្រកួតមួយដែលត្រូវតែឈ្នះជាដាច់ខាត។ ខ្ញុំគិតថា ក្រុមទាំង២ នឹងគិតបែបនោះ»។

ក្រុមជម្រើសជាតិកូរ៉េខាងត្បូង និងស៊ុយអែត ត្រូវបានចាប់ឆ្នោតឲ្យស្ថិតក្នុងពូលរួមជាមួយនឹងក្រុមជម្រើសជាតិអាល្លឺម៉ង់ ដែលជាម្ចាស់ការពារតំណែងជើងឯក និងម៉ិកស៊ិក ដែលមិនធ្លាប់ខកខានក្នុងការឆ្លងផុតវគ្គចែកពូល។ បើទោះបីស្ថិតក្នុងយុទ្ធនាការ World Cup ជាលើកទី១ របស់ពួកគេ គ្រូបង្វឹកវ័យ ៤៩ឆ្នាំរូបនេះ បាននិយាយថា៖ លោកមានភាពធូរស្រាល បើទោះបីមានការរំពឹងទុកច្រើនក្នុងប្រទេសកូរ៉េខាងត្បូង ក្នុងពេលយុទ្ធនាការនេះជិតចាប់ផ្តើមក៏ដោយ។ លោក Shin Tae-yong បានចូលកាន់តំណែងក្នុងនាមជាគ្រូបង្វឹកកាលពីឆ្នាំមុនពីលោក Uli Stielike ដែលជាសមាជិកលើកពាន World Cup របស់អាល្លឺម៉ង់។ ការប្រកួតនេះ នឹងចាប់ផ្តើមនៅម៉ោង៧យប់៕
ប្រភព៖ Channel News Asia
