លោក Roberto Martinez គ្រូបង្វឹកបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិក បានអោយដឹងថាខ្សែការពារ Vincent Kompany នឹងនៅជាមួយនឹងក្រុមក្នុងយុទ្ធនាការ World Cup ២០១៨ បើទោះបីត្រូវរងរបួសដោយសាររបួសក្រលៀនក៏ដោយ។
ប្រធានក្រុមមេឃខៀវ Manchester City មិនបានចូលលេងចាប់តាំងពីរងរបួសក្នុងការប្រកួតមិត្តភាពកំដៅសាច់ដុំជាមួយព័រទុយហ្គាល់កាលពីពីរសប្តាហ៍មុនមកម្លេះ។

រូបគេមិនត្រូវបានរំពឹងថានឹងបានធូរស្បើយចូលរួមប្រកួតទាន់ពេលវេលាអោយក្រុមជម្រើសជាតិបែលហ្សិកនៅក្នុងពូល G ទល់នឹងក្រុមអង់គ្លេសនៅកីឡាដ្ឋាន Kaliningrad នាថ្ងៃទី២៨ ខែមិថុនា ២០១៨នោះឡើយ។

អតីតគ្រូបង្វឹកក្រុម Everton លោក Martinez បាននិយាយថា: យើងនឹងរក្សាសមាសភាពក្រុមទាំង ២៣នាក់ដូចដែលបានប្រកាសជាផ្លូវការណ៏។ យើងនឹងមិនប្រើការផ្លាស់ប្តូរអ្វីឡើយ ខណៈរបួសCompnayបានវិវត្តប្រសើរឡើងយើងខ្ញុំគិតថាគាត់អាចមានឱកាសដ៏ល្អដើម្បីចូលរួមនៅក្នុងដំណាក់កាលក្រុម។ ឥឡូវនេះគាត់មានឱកាសកាន់តែខ្លាំង។ គាត់(Kompany) គឺជាសមាជិកដ៏មានតម្លៃបំផុតដោយសារតែបទពិសោធនិងចំណេះធ្វើរបស់គាត់។

លោក Martinez បានបន្តថាៈ បែលហ្ស៊ិកក៏មានការព្រួយបារម្ភលើកីឡាករ Thomas Vermalen របស់ក្លឹប Barcelona ដែលកំពុងតស៊ូជម្នះបញ្ហាសរសៃពួរ។ អតីតគ្រូបង្វឹកក្រុម Wigan លោក Martinez អាចនិងផ្លាស់ប្តូរសមាសភាពលេងរបស់ក្រុមនៅថ្ងៃអាទិត្យមុនពេលប៊ែលហ្សិកចាប់ផ្តើមយុទ្ធនាការ World Cup ២០១៨ ទល់នឹងក្រុមប៉ាណាម៉ា។
ប្រភព៖ BBC
