ប្រធានក្រុម Harry Kane បានក្លាយជាអ្នកសង្គ្រោះ តាមរយៈការស៊ុតបាល់បញ្ចូលទី ២គ្រាប់ ដោយគ្រាប់បាល់ទី២ គឺជាគ្រាប់បាល់ឈ្នះនៅជិតបញ្ចប់ការប្រកួត ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានចាប់ផ្តើមយុទ្ធនាការពូល G នៃព្រឹត្តិការណ៍ World Cup របស់ពួកគេ ជាមួយនឹងជ័យជម្នះក្នុងលទ្ធផល ២-១ លើក្រុមជម្រើសជាតិទុយនីស៊ី កាលពីថ្ងៃចន្ទ។

ក្រុមរបស់លោក Gareth Southgate ស្ទើរតែបានជួបការខកចិត្តសម្រាប់ការខ្ជះខ្ជាយឱកាសជាច្រើនក្នុងតង់ទី១ ទៅហើយ នៅពេលដែលកីឡាករ Ferjani Sassi របស់ក្រុមទុយនីស៊ី បានស៊ុតបាល់បំប៉ោងសំណាញ់ពីចំណុច ១១ម៉ែត្រ នៅរយៈពេល ២០នាទីចុងក្រោយនៃតង់ទី១។ ក្រុមរបស់អាហ្វ្រិកខាងជើងមួយនេះ បានបន្តធ្វើការការពារយ៉ាងរឹងមាំរហូតដល់នាទីទី៩០ ដើម្បីរក្សាលទ្ធផលស្មើ។ ប៉ុន្តែ កីឡាករ Harry Maguire បានតែតបាល់យ៉ាងល្អពីការទាត់បាល់ចេញពីជ្រុងម្ខាង ដើម្បីបញ្ជូនទៅឲ្យ Kane មុននឹងខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសរូបនេះ បានតែតរកគ្រាប់បាល់ឈ្នះ ដើម្បីបង្កើតឲ្យមានការអបអរយ៉ាងខ្លាំងក្លាជាមួយនឹងមិត្តរួមក្រុមតែម្តង។

Kane បានឲ្យដឹងថា៖ «ខ្ញុំពិតជាមានមោទនភាពណាស់ចំពោះមិត្តួក្រុមទាំងអស់។ ពួកគេបានរក្សាការឆ្ពោះទៅមុខ និងរក្សាការប្រជែងរហូតដល់វិនាទីចុងក្រោយ។ ខ្ញុំពិតជារំភើបណាស់ ក្រុមការងារទាំងអស់ក៏រំភើបដែរ។ វាបង្ហាញពីឥរិយាបថដ៏ល្អក្នុងការបំពេញការងារនេះ»៕