Mohamed Salah ត្រូវបានប្រកាសថា រឹងមាំគ្រប់គ្រាន់ហើយ នៅមុនពេលការប្រកួតដ៏សំខាន់របស់ក្រុមបាល់ទាត់ជម្រើសជាតិអេហ្ស៊ីប ជាមួយនឹងក្រុមម្ចាស់ផ្ទះរុស្ស៊ី នៅរាត្រីនេះ ហើយលោក Hector Cuper ដែលជាគ្រូបង្វឹក កំពុងមានសុទិដ្ឋិនិយមថា តារាឆ្នើមរបស់លោក នឹងចូលលេង។ ប៉ុន្តែ លោក Stanislav Cherchesov គ្រូបង្វឹកនៃក្រុមជម្រើសជាតិរុស្ស៊ី ជឿជាក់ថា ក្រុមម្ចាស់ផ្ទះ World Cup មួយនេះ បានរកឃើញពីវិធីសាស្ត្រមួយក្នុងការរារាំង Salah នៅពេលដែលក្រុមទាំង២ ជួបគ្នាក្នុងទីក្រុង Saint Petersburg។

Salah បានស៊ុតបាល់បញ្ចូលទី ៤៤គ្រាប់ក្នុងរដូវកាលទី១ របស់គេសម្រាប់ក្លិប Liverpool និងពិតជាចង់បង្ហាញខ្លួនជាលើកទី១ របស់គេ ក្រោយពីអវត្តមានក្នុងពេលក្រុមខ្លួនចាញ់ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ នៅថ្ងៃបើកឆាក ដោយសារតែបញ្ហារបួសស្មា។ លោក Cuper បានឲ្យដឹងកាលពីថ្ងៃចន្ទថា៖ «Salah រឹងមាំទាំងស្រុងហើយ។ យើងតែងតែធ្វើការពិនិត្យលើកាយសម្បទាចុងក្រោយមួយ នៅមុនពេលការប្រកាសពីជម្រើសទាំង១១នាក់ដំបូង»។

គ្រូបង្វឹកចាស់វស្សារូបនេះបានបន្ថែមទៀតថា៖ «នៅថ្ងៃនេះ យើងនឹងធ្វើការត្រួតពិនិត្យមួយសម្រាប់រូបគេដើម្បីពិនិត្យពីកម្រិតរឹងមាំរបស់គេ។ ខ្ញុំសង្ឃឹមថា រូបគេនឹងរឹងមាំគ្រប់គ្រាន់ដើម្បីលេង។ ខ្ញុំប្រាកដចិត្តថា រូបគេអាចចូលលេងបាន។ រូបគេជាសមាជិកដ៏សំខាន់ក្នុងក្រុមរបស់យើង»។ ប៉ុន្តែ ទោះបីជាយ៉ាងណា លោក Cherchesov មានផែនការមួយក្នុងការរារាំង Salah ប្រសិនបរូបគេចូលលេង។ លោក Cherchesov បានឲ្យដឹងថា៖ «កម្រិតដែលរូបគេនឹងលេងនៅតំបន់ណា មានតែរូបគេ និងគ្រូបង្វឹកប៉ុណ្ណោះដឹង ប៉ុន្តែ យើងមានបេសកកម្មមួយ ហើយយើងនឹងបំពេញបេសកកម្មនោះ»៕

ប្រភព៖ Sport24