កីឡាករ Kilyan Mbappe បានបង្ហើបប្រាប់អោយដឹងថាៈ អតីតគ្រូបង្វឹក Arsenal លោក Arsene Wenger គឺជាអ្នកចាត់ការទូទៅតែម្នាក់គត់ ដែលរូបគេចង់សុបិនធ្វើការជាមួយ នៅក្នុងអាជីពកីឡាករបាល់ទាត់។ ខ្សែប្រយុទ្ធស្លាបសញ្ជាតិបារាំង Mbappe វ័យ ១៩ឆ្នាំរូបនេះត្រូវបានរំពឹងថា នឹងធ្វើការផ្ទេរពីក្រុម Monaco មកកាន់ក្លឹប Paris Saint-Germain ក្នុងកិច្ចសន្យាអចិន្ត្រៃយ៍តម្លៃ ១៦៦លានផោន នៅពេលការប្រកួតបាល់ទាត់ពិភពលោក World Cup ២០១៨ បញ្ចប់។

សម្រាប់លោក Wenger ដល់ពេលបច្ចុប្បន្ននេះគ្រូបង្វឹកចាស់វស្សាមាន វ័យ ៦៨ឆ្នាំ មិនទាន់មានក្លឹបដឹកនាំនៅឡើយទេ ខណៈអតីតគ្រូបង្វឹក PSG លោក Emery ដែលបាននាំយក Mbappe ពីក្រុម Monaco ក្នុង លក្ខ័ណ្ឌខ្ចីជើងនោះ ត្រូវបានទៅទទួលតំណែងជាអ្នកចាត់ការទូទៅថ្មីរបស់ Arsenal ក្រោយសម្រេចចិត្ត ចាកចេញពីក្រុម PSG ។ សម្រាប់ក្រុម PSG បានជ្រើសយកអតីតអ្នកចាត់ការទូទៅក្រុម Dormund សញ្ជាតិអាឡឺម៉ង់ លោក Thomas Tuchel មកដឹកនាំក្រុមសម្រាប់រដូវកាលថ្មីផងដែរ។

Mbappe បានប្រាប់ស្ថានីយ៍ទូរទស្សន៍បារាំង Canal 8 ថា : ខ្ញុំស្រមៃចង់លេងក្រោមការគ្រប់គ្រងរបស់លោក Arsene Wenger។ គាត់ជាជនជាតិបារាំងគាត់មានអាជីពដ៏អស្ចារ្យ ហើយឥឡូវគាត់មានសេរីភាពដោយសារ គាត់ចាកចេញពីក្រុម Arsenal។ ក្នុងរយៈពេល ២២ឆ្នាំជាមួយនឹងក្រុមកាំភ្លើងធំ Arsenal លោក Wenger បានឈ្នះជើងឯកក្របខ័ណ្ឌ Premier League បីដងនិងពាន FA Cup ចំនួន ៧ដង។
ប្រភព៖ Thesun
