ខ្សែប្រយុទ្ធវ័យក្មេង Vinicius Junior ក្នុងថ្ងៃនេះ បានសារភាពថា ខ្លួនបានជ្រើសរើស Real Madrid ជាជាងក្លឹប Barcelona និង PSG។ កាលពីខែឧសភា ឆ្នាំ ២០១៧ Real Madrid បានព្រមព្រៀងជាមួយក្លឹប Flamengo ក្នុងការទិញខ្សែប្រយុទ្ធ ១៧ ឆ្នាំ ក្នុងតម្លៃ ៤៥ លានអឺរ៉ូ (ជាង ៥០ លានដុល្លារសហរដ្ឋអាមេរិក)។ ក្នុងកិច្ចព្រមព្រៀង បានឲ្យដឹងថា កីឡាករ Vinicius នឹងបន្តលេងនៅក្លឹបប្រេស៊ីលមួយរដូវកាលមុនមកចូលរួមក្លឹបយក្សអេស្ប៉ាញ។

ក្នុងបទសម្ភាសន៍ជាមួយ Marca ក្នុងថ្ងៃនេះ ពេលសួរថា មានក្លឹបណាក្រៅពី Real Madrid ដែលបានទាក់ទងខ្លួន ខ្សែប្រយុទ្ធ Vinicius បានឆ្លើយថា៖ “មាន ហើយ PSG និង Barcelona ស្ថិតក្នុងចំណោមក្លឹបទាំងនោះ។ ពួកគេបានទាក់ទងមកយើងជាច្រើន។ ទោះជាយ៉ាងណា យើងបន្តរង់ចាំពេលវេលា និងក្លឹបដែលសមស្រប”។

Vinicius បានហៅការផ្ទេរទៅ Real Madrid ដែលជាក្លឹបដែលខ្លួនគាំទ្រតាំងពីតូច គឺជា “សុបិនមួយក្លាយជាការពិត”។ កីឡាករបានបន្តថា ខ្លួនពិតជាសប្បាយចិត្តពេលដែលលើកប៊ិចចុះហត្ថលេខាលើកុងត្រាក្លឹបយក្សអេស្ប៉ាញមួយនេះ។ យ៉ាងនេះក្ដី ខ្សែប្រយុទ្ធ Vinicius មិនភ្លេចក្នុងការថ្លែងអំណរគុណក្លឹបចាស់ Flamengo ហើយបានហៅក្លឹបនេះថា “គឺជាក្លឹបដែលបានបណ្ដុះបណ្ដាលខ្លួនឲ្យក្លាយជាកីឡាករដែលត្រូវបានគ្រប់គ្នាមើលឃើញសព្វថ្ងៃ”។

សូមបញ្ជាក់ផងដែរថា នៅក្លឹប Famengo ខ្សែប្រយុទ្ធវ័យក្មេងស៊ុតចូល ១១ គ្រាប់ក្នុងការបង្ហាញខ្លួន ៥១ លើក។ Vinicius ត្រូវបានរំពឹងទុកថា នឹងមកចូលរួមជាមួយ Real Madrid នាពេលដ៏ឆាប់ខាងមុខ៕
មិនធម្មតាទេ! ខ្សែប្រយុទ្ធវ័យក្មេង Vinicius សុខចិត្តបោះចោល PSG និង Barca ស្រវាយក Real?
អត្ថបទទាក់ទង
