ក្រុមអធិរាជស Real Madrid បានឈានដល់កិច្ចព្រមព្រៀងចុះហត្ថលេខានាំយកអ្នកចាំទីអន្តរជាតិអ៊ុយក្រែន Andriy Lunin នៅរដូវក្តៅនេះពីក្រុម Zorya Luhansk ។ អ្នកចាំទីវ័យក្មេងរូបនេះបានបង្ហាញសមត្ថភាពមិនអោយមានការស៊ុតបញ្ចូលទី(ធ្វើបាន Cleansheet) ចំនួនសរុប ២០ដងក្នុង ចំណោម ៥១ប្រកួតក្នុងរយៈពេលពីររដូវកាលជាមួយ និងកម្ពស់របស់គេគឺ ១.៩១។

អ្នកចាំទីដៃស្អិតរូបនេះគឺជាកីឡាករវ័យក្មេងម្នាក់ដែលត្រូវបានចាត់ទុកថាជាកីឡាករឆ្នើមម្នាក់នៅតំបន់អឺរ៉ុបនៅពេលបច្ចុប្បន្ននេះ និងផ្លាស់មកចូលរួមជាមួយក្រុមមានមូលដ្ឋាននៅទីក្រុង Madrid រាជធានីប្រទេសអេស្បាញ ក្នុងតម្លៃខ្លួន ១៤លានអឺរ៉ូ។

កីឡាករវ័យ ១៩ឆ្នាំរូបនេះនឹងចូលរួមជាមួយក្រុមសម្រាប់ត្រៀមប្រកួតបើករដូវកាលមុនជាមួយគ្រូបង្វឹកលោក Julen Lopetegui ខណៈអតីតគ្រូបង្វឹកក្រុមជម្រើសជាតិអេស្បាញរូបនេះនឹងធ្វើការសម្រេចចិត្តរៀបចំដាក់រូបគេអោយចូលលេងនៅកីឡាដ្ឋាន Estadio Santiago Bernabeu នាពេលខាងមុខផងដែរ។
ប្រភព៖ Marca
