ខ្សែបម្រើជើងចាស់ Andres Iniesta បានសន្យាថា ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ នឹងជម្នះលើភាពត្រដាបត្រដួសក្នុង World Cup របស់ពួកគេ ក្នុងប្រទេសរុស្ស៊ី តាមរយៈការផ្តួលក្រុមជម្រើសជាតិអ៊ីរ៉ង់ នៅរាត្រីនេះ ដើម្បីបង្កើតឲ្យមានក្តីសង្ឃឹមមួយផ្សេងទៀតក្នុងការប្រជែងពាន។

Iniesta ដែលរកបានគ្រាប់ឈ្នះនៅនាទីបន្ថែម១៥នាទី២ដងរបស់អេស្ប៉ញ ដើម្បីផ្តួលក្រុមជម្រើសជាតិហូឡង់ នៅអាហ្វ្រិកខាងត្បូង កាលពីឆ្នាំ២០១០នោះ កំពុងតែលេងយុទ្ធនាការ World Cup ចុងក្រោយរបស់ខ្លួន ក្រោយពីបានបញ្ចប់អាជីពរយៈពេលដ៏យូរអង្វែង និងប្រកបដោយភាពជោគជ័យជាមួយនឹងក្លិប Barcelona ដើម្បីចូលរួមជាមួយនឹងក្លិបជប៉ុន Vissel Kobe។

ការបញ្ចប់ក្នុងលទ្ធផលស្មើ ៣-៣ ជាមួយនឹងក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្នុងការប្រកួតបើកឆាកនៃពូល B របស់ពួកគេ មានន័យថា ក្រុមរបស់លោក Fernando Hierro ចាំបាច់ត្រូវតែផ្តួលក្រុមជម្រើសជាតិអ៊ីរ៉ង់ ដើម្បីទទួលបានឱកាសក្នុងការឈានទៅវគ្គ ១៦ក្រុមចុងក្រោយ នៅមុនពេលការប្រកួតចុងក្រោយក្នុងពូលជាមួយនឹងក្រុមជម្រើសជាតិម៉ារ៉ុក។ បើទោះបីរូបគេ បដិសេធក្នុងការចាត់ទុកថា ក្រុមជើងខ្លាំងក្នុងទ្វីបអាស៊ីរបស់លោក Carlos Queiroz ជាក្រុមខ្លាំងក៏ដោយ ប៉ុន្តែខ្សែបម្រើ Iniesta មានបំណងចង់លើកពាន World Cup ជាលើកទី២ ដើម្បីទៅលើពានប្រចាំទ្វីបអឺរ៉ុប ដែលរូបគេបានឈ្នះជាមួយនឹងក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុងឆ្នាំ២០០៨ និងឆ្នាំ២០១២។

Iniesta បានប្រាប់អ្នកយកព័ត៌មាននាកីឡដ្ឋាន Kazan Arena កាលពីថ្ងៃអង្គារ ថា៖ «កីឡាករតែងតែចង់ឈ្នះពានធំៗបំផុតតាមដែលអាច ហើយវាច្បាស់ណាស់ថា យើងចង់ឈ្នះពាន World Cup»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១ រំលងអធ្រាត្រ៕

ប្រភព៖ Worldsoccertalk