
ក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយរូហ្គាយ បានកក់កៅអីរបស់ពួកគេក្នុងវគ្គ ១៦ក្រុមចុងក្រោយនៃយុទ្ធនាការ World Cup រួមជាមួយនឹងម្ចាស់ផ្ទះរុស្ស៊ី កាលពីថ្ងៃពុធ ខណៈដែលខ្សែប្រយុទ្ធ Luis Suarez បានរកគ្រាប់បាល់ឈ្នះ ក្នុងការបង្ហាញខ្លួនជាអន្តរជាតិជាលើកទី១០០ របស់គេ ក្នុងពេលទទួលជ័យជម្នះ ១-០ លើក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត ក្នុងទីក្រុង Rostov-on-Don។ ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ របស់អាមេរិកខាងត្បូង នឹងត្រូវជួបក្រុមម្ចាស់ផ្ទះក្នុងការប្រកួតជុំចុងក្រោយនៃពូល A របស់ពួកគេ នាថ្ងៃទី២៥ ខែមិថុនា ដើម្បីប្រជែងដណ្តើមចំណាត់ថ្នាក់លេខ១ ក្នុងពូល ស្របពេលដែលក្រុមបាល់ទាត់ជម្រើសជាតិអេហ្ស៊ីប និងអារ៉ាប៊ីសាអ៊ូឌីត ត្រូវបានកាត់ចេញ ក្រោយពីក្រុមទាំង២ សុទ្ធសឹងបានរងបរាជ័យ ២លើកដូចគ្នា។

រុស្ស៊ី និងអ៊ុយរូហ្គាយ នឹងត្រូវជួបក្រុមមួយក្នុងចំណោមក្រុមឈរលើកំពូលតារាងនៃពូល B ក្នុងវគ្គ ១៦ក្រុមចុងក្រោយ អាចជាអេស្ប៉ាញ ព័រទុយហ្គាល់ ឬអ៊ីរ៉ង់។ Suarez វ័យ៣១ឆ្នាំ ដែលយុទ្ធនាការ World Cup ២លើកកាលពីមុនរបស់គេ បានបញ្ចប់ទាំងការជាប់ពិន័យព្យួរ ក្រោយពីយកដៃវាយបាល់កាលពីឆ្នាំ២០១០ក្នុងពេលប្រកួតជាមួយនឹងក្រុមហ្គាណា និងខាំខ្សែការពារអ៊ីតាលី Giorgio Chiellini ក្នុងរយៈពេល ៤ឆ្នាំក្រោយមកនោះ បានដណ្តើមយកប្រៀបទៅលើការធ្វេសប្រហែសរបស់អ្នកចាំទី Mohammed Al-Owais ដើម្បីជួយឲ្យអ៊ុយរូហ្គាយ មានគ្រាប់បាល់នាំមុខមុន ក្នុងតង់ទី១។ ក្រុមរបស់លោក Oscar Tabarez បានខ្ជះខ្ជាយឱកាសជាច្រើនក្នុងការរកគ្រាប់បាល់បន្ថែមទៀត ប៉ុន្តែ ក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត មិនបានបង្ហាញពីការគំរាមដើម្បីដណ្តើមយក១ពិន្ទុឡើយ។ ទាក់ទងនឹង Suarez លោក Tabarez បានឲ្យដឹងថា៖ «ញៀណនៃការទទួលខុសត្រូវរបស់គេគឺពិតជាមិនគួរឲ្យជឿ»៕
ប្រភព៖ Channel News Asia
កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia
